(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ដោយបន្តវិធានការដ្ឋបាល សម្រាប់ភូមិសាស្រ្តក្រុងតាខ្មៅ ដោយកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ នេះបើតាមសេចក្តីសម្រេចរបស់អភិបាលខេត្តកណ្តាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់ថា ត្រូវបានអនុវត្តវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយត្រូវកំណត់ជា
«តំបន់លឿងទុំ» និង «តំបន់លឿង» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលត្រូវអនុវត្តសម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២១ ក្នុងនោះ ការកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» មានដូចខាងក្រោម៖

* «តំបន់លឿងទុំ»៖ តំបន់បិទខ្ទប់អគារវប្បធម៌ក្នុងភូមិសាស្ត្រភូមិតាខ្មៅ២ នៃសង្កាត់តាខ្មៅ ក្រុងតាខ្មៅ
* «តំបន់លឿង»៖ ភូមិសាស្រ្តសង្កាត់ដើមមៀន និងសង្កាត់តាខ្មៅ នៃក្រុងតាខ្មៅ លើកលែងតំបន់បិទខ្ទប់អគារវប្បធម៌ ដែលបានកំណត់ជា «តំបន់លឿងទុំ»។

ផែនទីនៃការកំណត់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល ជា «តំបន់លឿងទុំ» និង «តំបន់លឿង» ត្រូវបានភ្ជាប់មកជាឧបសម្ព័ន្ធនៃសេចក្តីសម្រេចនេះ៕