(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចុះពិនិត្យដំណើរការសាងសង់ផ្ទះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលត្រូវចែកជូនដល់អតីតយុទ្ធជនកម្ពុជា ជួបការខ្វះខាត់ក្នុងជីវភាព និងខ្វះទីជម្រក នៅទីតាំងសម្បទានដីសង្គមកិច្ច (ដីលំនៅដ្ឋាន និងដីកសិកម្ម) ត្រង់ចំណុចដំណាក់ត្រយឹង ឬភូមិរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ។

លោក ម៉ៅ ធនិន បានឱ្យដឹងថា ទីតាំងសម្បទានដីសង្គមកិច្ចខាងលើនេះ ត្រូវបានចាប់ឆ្នោតប្រគល់ជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារក្នុងខេត្តពោធិ៍សាត់ចំនួន ៦២៨គ្រួសារ រួចរាល់ហើយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កន្លងទៅ ដោយក្នុងមួយគ្រួសារទទួលបានដី (លំនៅដ្ឋាន និងដីកសិកម្ម) ទំហំ៧០គុណ១៥០ម៉ែត្រ។ ដោយពិនិត្យឃើញពីការលំបាករបស់អតីតយុទ្ធជន និងគ្រួសារ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើសំណើគោរពចូលមកសម្តេចតេជោ ហ៊ុន សែន ដើម្បីដោះស្រាយការលំបាករបស់ពួកគាត់ ហើយសម្តេចតេជោក៏បានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចនៅទីតាំងខាងលើ។ ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូន ដែលបច្ចុប្បន្នស្ថាបនាបានជិត ៦០ខ្នងហើយ។

លលោកបានបន្ថែមថា ការផ្តល់ជូនសម្បទានដីសង្គមកិច្ច និងផ្ទះខាងលើនេះ គឺជាការមើលឃើញពីពលីកម្មដ៏ធំធេងរបស់អតីតយុទ្ធជនពីសំណាក់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្ត ដែលបានខិតខំបំពេញបេសកកម្មការពារជាតិមាតុភូមិ រហូតទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃ។ បច្ចុប្បន្ននេះដំណើរការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ បាននិងកំពុងដំណើរការយ៉ាងយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះរួមមាន ផ្លូវ អណ្តូង និងត្រួសត្រាយដីរៀបចំភូមិឋានជាដើម។

លោកអភិបាលខេត្តក៏បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន អង្ករ មី និងទឹកត្រី ទៅប្រគល់ជូនអតីតយុទ្ធជន និងគ្រួសារ ដែលចូលមករស់នៅក្នុងផ្ទះដែលទើបសាងសង់នោះផងដែរ។ ជាមួយគ្នានោះ លោកបានសន្យានាំយកពូជបន្លែផ្តល់ជូនដល់ប្រជាពលរដ្ឋនៅទីនោះ ដើម្បីដាំដុះផ្គត់ផ្គង់ជីវភាពគ្រួសារ ស្របពេលរដូវវស្សាចូលមកដល់ផងដែរ៕