(ឧត្តរមានជ័យ)៖ ពូជមាន់ស្រែចំនួន ៣២០ក្បាល រួមនឹងចំណី សម្ភារជាច្រើនមុខទៀត ត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ នាំយកទៅចែកជូនដល់សមាជិកសហគមន៍ការពារព្រៃឈើថ្មដាអូរទឹកខៀវ ស្ថិតនៅឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដើម្បីធ្វើការចិញ្ចឹមលើកកម្ពស់ជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង ស្របពេលនឹងវិបត្តិជំងឺកូវីដ-១៩។

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្ត បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃនេះថា គោលបំណងនៃការចែកពូជមាន់ស្រែ ចំណី និងសម្ភារនៅពេលនេះ គឺក្នុងគោលបំណងជួយលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ព្រៃឈើ ឲ្យគាត់មានប្រាក់ចំណូលកើនឡើង តាមរយៈការចិញ្ចឹមមាន់ ដោយផ្សារភ្ជាប់ជាមួយទីផ្សារ ដែលមានអ្នកចាំទទួលទិញសម្រាប់លក់ដូរក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅស្រុក។

លោកប្រធានមន្ទីរបានថ្លែងទៀតថា ការចែកពូជមាន់ស្រែ និងចំណី សម្ភារ ជូនសមាជិកសហគមន៍ការពារព្រៃឈើនៅពេលនេះ គឺជាកម្មវិធីដែលគាំទ្រដោយមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ ដោយប្រើប្រាស់ថវិកាសម្រាប់ឆ្នាំ២០២១។ គម្រោងនេះនឹងមានបន្តទៀតរហូតរាប់រយគ្រួសារ ពេលនេះមន្ទីរកសិកម្មកំពុងជ្រើសរើសសហគមន៍ព្រៃឈើផ្សេងៗទៀតដែលមានសក្តានុពល ដើម្បីចែកពូជមាន់ដូចគ្នា ថែមទាំងមានបង្រៀនពីបច្ចេកទេសនិងស្វែងរកទីផ្សារជូនពួកគាត់ ធ្វើយ៉ាងណាមិនឱ្យពួកគាត់ព្រួយបារម្ភរឿងទីផ្សារ។

លោកបានបញ្ជាក់ថា មកដល់ថ្ងៃនេះ ពូជមានស្រែជិត ១,០០០ក្បាល និងសម្ភារជាច្រើនទៀត ត្រូវបានចែកជូនប្រជាពលរដ្ឋដែលជាសមាជិកសហគមន៍ព្រៃឈើ។ ដោយឡែក នៅថ្ងៃនេះ មន្ទីរកសិកម្មខេត្តឧត្តរមានជ័យចែកជូន ៨គ្រួសារទៀត ដោយក្នុងមួយគ្រួសារទទួលបានពូជមាន់ស្រែចំនួន ៤០ក្បាល ស្នូកដាក់ចំណី ១ ស្នូកដាក់ទឹក ១ និងចំណី ១ការ៉ុង និងបានបង្រៀនពីបច្ចេកទេសនៃការចិញ្ចឹមផងដែរ៕