(ភ្នំពេញ)៖ បន្ទាប់ពីបើកការសាកសួរលើ កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia អស់រយៈពេលកន្លះថ្ងៃ នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ មិនទាន់មានការសម្រេចយ៉ាងណានៅឡើយទេ ដោយប្រកាសបន្តការសាកសួរថែមទៀត នៅព្រឹកស្អែក ខណៈដែលមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានដាក់លិខិតស្នើសុំដោះលែងកញ្ញា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ត្រូវបានដាក់ចូលតុលាការរួចរាល់ហើយ។

កញ្ញា មាន ពេជ្ររីតា ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានភាពទម្ងន់ទោស បន្ទាប់ពីមានការដាក់ពាក្យបណ្តឹងដោយ លោកឧកញ៉ា ហេង សៀ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

ទោះជាយ៉ាងនេះក្តី ទន្ទឹមគ្នានឹងការសម្រេចឃុំខ្លួន កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia កាលពីម្សិលមិញនេះ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត ដើម្បីជាការប្តឹងបកផងដែរ។

នៅល្ងាចថ្ងៃទី១២ ខែឧសភានេះ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានថ្លែងប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានឲ្យដឹងថា មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានដាក់លិខិតស្នើសុំដោះលែងកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ត្រូវបានដាក់ចូលតុលាការរួចរាល់ហើយ។

សូមជំរាបថា កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈនៅក្នុងរថយន្ត។

ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ។

សូមទស្សនាវិដេអូបង្ហាញពីជម្លោះរវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV នៅថ្ងៃកើតហេតុ៖

https://t.me/freshnewsasia/56954

https://t.me/freshnewsasia/56935