(សៀមរាប)៖ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូនាំយកអំណោយជាគ្រឿងឧបភោគបរិភោគជូនដល់រដ្ឋបាលខេត្តសៀមរាប ដើមី្បចូលរួមជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ ក្នុងដំណាក់កាលនៃជំងឺរាតត្បាតកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប។

អំណោយទាំងនោះមានជាអង្ករ ២០តោន, ត្រីខ ១០០កេស និងទឹកបរិសុទ្ធ ១៥០កេស ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប។

អ្នកឧកញ៉ា សៀង ណាំ ក៏បានគូសបញ្ជាក់ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបនូវវិបត្តិជម្ងឺរាតត្បាតកូវីដ-១៩។ សំខាន់ប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតាមបណ្តាក្រុង-ស្រុកមួយចំនួន បានទទួលរងគ្រោះធ្វើឲ្យមានផលប៉ះពាល់ពីជំងឺដ៏កាចសាហាវនេះ។

លោក ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់អ្នកឧកញ៉ា សៀង ណាំ និងលោកស្រី ព្រមទាំងប្រតិភូ ដែលបានលះបង់នូវធន់ធានផ្ទាល់ខ្លួន ដោយផ្តល់ជូនជាសម្ភារៈ គ្រឿងឧបភោគ បរិភោគ បម្រើការក្នុងការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរដ្ឋបាលខេត្តសៀមរាប។

លោកក៏បានជម្រាបជូនថា ក្នុងករណីដែលកម្ពុជាយើងបាននិងកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារៈឧបករណ៍ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង-ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគក្នុងការផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលបានវិលមកពីក្រៅប្រទេស និងរាជធានី-ខេត្ត ដែលបានជួបនូវវិបត្តិនៃជំងឺកូវិដ-១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលក្រុង-ស្រុក។

លោកអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តបានគិតគូរក្នុងការបង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែចម្លង ប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ ក្នុងពេលនិងក្រោយពេលមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍។

នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខេត្តសៀមរាប បានរកឃើញអ្នកមានជំងឺកូវីដ-១៩ ដល់ត្រឹមថ្ងៃនេះ មានចំនួន ៧៦នាក់ ព្យាបាលបានជាសះស្បើយចំនួន ២០នាក់ និងស្លាប់ ១នាក់ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៥៥នាក់។

លោកអភិបាលក៏បានសំណូមពរដល់អ្នកឧកញ៉ា ក៏ដូចសប្បុរសជនបន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តាក្រុង-ស្រុកផងដែរ ហើយលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសនៅខេត្តសៀមរាប សូមប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តវិធានការណ៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង ២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងបន្តប្រកាន់នូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជានិច្ច៕