(កំពង់ឆ្នាំង)៖ ដោយមានព្រះរាជហឫទ័យផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងទុក្ខលំបាករបស់ប្រជារាស្រ្ត ទើបព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្រ្តដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២០៨ គ្រួសារ ក្នុងឃុំចំនួន ៥ នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សម្រាប់ប្រើប្រាស់ផ្គត់ផ្គង់តាមសេចក្ដីត្រូវការប្រចាំថ្ងៃ។

ព្រះរាជអំណោយដ៏ថ្លៃថ្លាខាងលើនេះ ត្រូវបាននាំយកទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង និងលោក ឈា ហន រដ្ឋមន្ត្រី អមក្រសួងព្រះបរមរាជវាំង។

ហេតុការណ៍ដែលប្រជារាស្រ្តទទួលរងគ្រោះដោយខ្យល់កន្ត្រាក់នោះ គឺបានកើតឡើងនាព្រលប់ថ្ងៃទី០៥ និងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះរួមមាន៖
១៖ ឃុំឆ្នុកទ្រូមាន ១ភូមិ និងមានចំនួន ១៣ខ្នងផ្ទះ ក្នុងនោះរលំផ្ទះទាំងស្រុង ៦ខ្នង។
២៖ ឃុំខុនរ៉ងមាន ១ភូមិ និងមានចំនួន ៦ខ្នងផ្ទះ ក្នុងនោះរបួសមនុស្ស ៣នាក់ និងគ្រួសារមួយមានសមាជិកស្លាប់ ៦នាក់ ដោយសារគ្រោះអគ្គិភ័យ កាលពីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។
៣៖ ឃុំពន្លៃមាន ១ភូមិ និងមានចំនួន ៨ខ្នងផ្ទះ។
៤៖ ឃុំត្រពាំងចាន់មាន ១ភូមិ និងមានចំនួន ៦៦ខ្នងផ្ទះ ក្នុងនោះរលំផ្ទះទាំងស្រុង ៥ខ្នង។
៥៖ ឃុំចកមាន ១ភូមិ និងមានចំនួន ១១៥ខ្នងផ្ទះ ក្នុងនោះរលំផ្ទះទាំងស្រុង ៥ខ្នង។

នៅក្នុងឱកាសជួបសំណេះសំណាលនេះ សម្តេចចៅហ្វាវាំង គង់ សំអុល បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជហឫទ័យផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងទុក្ខលំបាករបស់ប្រជារាស្ត្រ និងព្រួយបារម្ភអំពីស្ថានភាពនៃជីវភាពរស់នៅរបស់ប្រជារាស្ត្រ ដែលបានទទួលរងគ្រោះដោយមហន្តរាយនៃខ្យល់កន្ត្រាក់នាពេលនេះ ក្នុងព្រះរាជហឫទ័យអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅក្រៃលែងចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គដែលរស់នៅក្នុងបណ្តាមូលដ្ឋានខាងលើនេះ ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ក្នុងបញ្ហាជីវភាពជាខ្លាំងដូចជាការប្រឈមមុខទៅនឹងការខ្វះខាត ស្បៀងអាហារ ទីជម្រក បញ្ហាសុខភាព និងការខូចខាតនូវភោគផលដំណាំទ្រព្យសម្បត្តិផ្សេងៗជាដើម។

ហេតុនេះ ហើយព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានសម្តេចចៅហ្វាវាំង អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ និងបាននាំមកនូវព្រះរាជអំណោយមកជូនប្រជារាស្ត្រទាំង ២០៨ គ្រួសារ ក្នុងឃុំចំនួន ៥ នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលបានទទួលរងគ្រោះដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំង បានធ្វើឱ្យផ្ទះប្រជារាស្ត្ររលំទាំងស្រុងមានចំនួន ១៦ខ្នង និងរបួសមនុស្ស ៣នាក់ រួមទាំងរបើកជញ្ជាំង និងដំបូលផ្ទះមានចំនួន ១៩២ខ្នងផងដែរ។

ព្រះរាជអំណោយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ដែលសម្តេចចៅហ្វាវាំងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ ព្រមទាំងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំងបានជូនដល់ប្រជារាស្ត្រទទួលរងគ្រោះដោយខ្យល់កន្ត្រាក់នេះ មានចំនួនសរុបជាមេគ្រួសារ ២០៨នាក់ ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ១បាវ ស្មើនឹង ៥០គ.ក្រ, ឃីត ១កញ្ចប់ (មុង១, ភួយ១, ក្រមា១, សារុង១), មី ១កេស ស្មើនឹង ៣០កញ្ចប់, ត្រីខចំនួន ១០កំប៉ុង, កៅស៊ូតង់ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន ១ផ្ទាំង, អាវយឺតមានផ្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ ម៉ាស ១០បន្ទះ និងថវិកា ៨សែនរៀល សម្រាប់ប្រជារាស្ត្រដែលរងគ្រោះរលំផ្ទះចំនួន ១៦ខ្នង និងថវិកាចំនួន ៤សែនរៀល សម្រាប់ប្រជារាស្ត្ររងគ្រោះដោយរបើកជញ្ជាំង និងដំបូលផ្ទះចំនួន ១៩២ខ្នង។

ព្រះរាជអំណោយដ៏ថ្លៃថ្លាដែលបានប្រោសព្រះរាជទាន សម្រាលការលំបាកក្នុងបញ្ហាខ្វះខាតស្បៀងអាហាររបស់ប្រជារាស្រ្តរស់នៅក្នុងឃុំចំនួន ៥ នៃស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅពេលនេះគឺជាព្រះរាជហឫទ័យសណ្ដោសប្រោសប្រណីដ៏មហាប្រសើរថ្លៃថ្លានៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ចចំពោះសុខទុក្ខរបស់ប្រជារាស្រ្តជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅព្រះរាជាណាចក្រកម្ពុជា ពិសេសបងប្អូនមានជីវភាពខ្សត់ខ្សោយ ទទួលរងគ្រោះដោយគ្រោះធម្មជាតិមានខ្យល់កន្ត្រាក់ ទឹកជំនន់ និងភាពរាំងស្ងួត ជាដើម ត្រូវបានព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់នៃយើង ដោយបន្តព្រះរាជគម្រូវីរភាពដ៏ថ្លៃថ្លាពីព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គប្រោសព្រះរាជទាននូវ ព្រះរាជអំណោយដ៏ឧត្តុងឧត្តមគ្រប់បែបយ៉ាង ទាំងព្រះរាជអំណោយសំរាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងព្រះរាជអំណោយជាឧត្តមប្រយោជន៍សំរាប់ការអភិវឌ្ឍន៍ក្នុងមូលដ្ឋានភូមិឃុំទាំងមូល ដើម្បីរួមចំណែកធ្វើអោយជីវភាពរស់នៅរបស់ប្រជារាស្រ្តកាន់តែមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់។

ប្រជារាស្រ្តដែលទទួលបានព្រះរាជអំណោយ រស់នៅក្នុងឃុំចំនួន៥នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទានដ៏ថ្លៃថ្លានេះ និងបានថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូន ចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ៕