(ភ្នំពេញ)៖ ពាក្យបណ្តឹងរបស់លោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពីបទក្លែងលិខិតរបស់លោកនៅលើ Facebook ត្រូវបានដាក់ចូលទៅកាន់ ព្រះរាជអាជ្ ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាផ្លូវការហើយ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ។ នេះបើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច។

យោងតាមពាក្យបណ្តឹងរបស់មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា៖ «នៅថ្ងទី៩ ខែមីនា ឆ្នាំ២០១៦ នៅទំព័រ Facebook របស់លោក សម រង្ស៊ី​ (Sam Rainsy) បានបង្ហោះអត្ថបទដែលមានខ្លឹមសារមួលបង្កាច់ ខុសពីការពិតចំពោះរូបខ្ញុំដែលថា បានណែនាំដល់មន្ត្រីរបស់ខ្លួន អ្នកគាំទ្រ និងបណ្តាញរួមបញ្ជូលទាំងមន្ត្រីរាជការ ស៊ីវិល ប៉ូលីសនិងទាហាន ដើម្បីគណនីក្លែងក្លាយ ក្នុងគោលបំណងផ្តល់ការ Like សិប្បនិម្មិត ដល់ទំព័រ Facebook របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយភ្ជាប់ជាមួយនិងការអត្ថាធិប្បាយថា Like មួយចំនួនធំ ដែលបង្ហាញលើទំព័រ Facebook របស់សម្តេចគឺបានមកពីការទិញឬជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើ ឲ្យបង្កើត Accounts Facebook ក្លែងក្លាយដើម្បីផ្តល់ Likes សិប្បនិម្មិតក្លែងបន្លំជូនសម្តេច»

លោក សោម សឿន បានចាត់ទុកថាការបង្ហោះនៅលើ Facebook របស់លោក សម រង្ស៊ី បានធ្វើឲ្យប៉ះពាល់កិត្តិយសដល់ថ្នាក់ដឹកនាំជាតិ និងរូបលោកផ្ទាល់យ៉ាងធ្ងន់ធ្ងរដូច្នេះលោក សូមឲ្យតុលាការផ្តន្ទាទោសលោក សម រង្ស៊ី ទៅតាមច្បាប់និងសូមទាមទារសំណងជំងឺចិត្តចំនួន២០លានរៀល៕