(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែការអភិវឌ្ឍ ក៏នៅតែបន្តធ្វើ ពោលគឺដៃម្ខាងធ្វើការអភិវឌ្ឍ និងដៃម្ខាងទៀត ធ្វើការទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩។

ជាក់ស្តែង ការជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវទាំង២៩ខ្សែ ដែលទទួលរងការខូចខាត ក្រោយជំនន់ទឹកភ្លៀង នារដូវវស្សាកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តធ្វើយ៉ាងសកម្ម ទៅតាមគម្រោងដែលបានគ្រោងទុក ដោយគិតមកដល់ពេលនេះ បានឈានដល់ជិតទីបញ្ចប់ហើយ។

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ជាតំណាងលោក ឃួង ស្រេង បានអញ្ជើញចុះត្រួតពិនិត្យមើល ការងារជួសជុល និងអ៊ុតកៅស៊ូផ្លូវ៣៦១នេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអ៊ុតកៅស៊ូផ្លូវលេខ៣៦១ ស្ថិតនៅក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដោយកំណាត់ផ្លូវនេះ ត្រូវប្រើប្រាស់ពេលវេលា នៃការអ៊ុតកៅស៊ូ AC ចំនួន២ថ្ងៃ ហើយក្រោយការអ៊ុតកៅស៊ូ AC លើផ្លូវលេខ៣៦១នេះ រួចហើយ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តទៅស៊ុតកៅស៊ូ នៅផ្លូវ៦០ម៉ែត្របន្តទៀត ដែលជាផ្លូវបញ្ចាប់គម្រោងតែម្តង។

បើតាមលោក ញាណ ចាន់សោភា នាយករដ្ឋបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ការអ៊ុតជួសជុលផ្លូវកៅស៊ូ លេខ៣៦១នេះ គឺជាគម្រោងជួសជុលផ្លូវ ដែលរងការខូចខាត ដោយទឹកភ្លៀង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានប្រវែងប្រមាណ៣០០ម៉ែត្រ ទទឹង៨ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់មុខសាលាខណ្ឌច្បារអំពៅ ឆ្លងកាត់មុខបន្ទាយប៉េអឹមខណ្ឌ រហូតដល់មុខស្នាក់ការពន្ឋដារខណ្ឌ ស្ថិតនៅក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ក្រោយទឹកជំនន់ទឹកភ្លៀងផ្លូវចំនួន២៩ខ្សែ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានទទួលរងការខូចខាត។ ក្រោមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង ផ្លូវដែលខូចខាតទាំងអស់ ត្រូវជួសជុលកែលំអរឡើងវិញ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរ ក៏ដូចមន្ត្រីជំនាញ បានសុំការយោគយល់ ពីបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ ចំពោះការរំខានដោយមានការបិទផ្លូវ ឬបិទទីតាំងបណ្តោះអាសន្ន នៅពេលការដ្ឋានកំពុងដំណើរការ៕