(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ជាប់ជាប្រចាំ ដោយបង្ក្រាប និងឃាត់ខ្លួនមេខ្យល់លួចនាំពលករឆ្លងដែនខុស ច្បាប់បានជាបន្តបន្ទាប់។

ជាក់ស្តែងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីត៍ទោ សាត គឹមសាន ដឹកនាំកម្លាំងចុះត្រួត ពិនិត្យតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃស្រុកកំរៀង តាមតំបន់ភូមិសាស្ត្រប៉ុស្តិ៍ស្វាយចេក (ចាន់គីរី) ចំណុចភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង និងកំពង់ឈើស្ថិតនៅក្នុងភូមិអូរដាលើ ស្រុកកំរៀង ខេត្តបាត់ដំបង។

លោកបានបញ្ជាក់ថា ការដឹកនាំកម្លាំងចុះពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនេះ គឺដើម្បីពង្រឹងដល់កងកម្លាំងសមត្ថកិច្ចចុះបង្ក្រាបជាប្រចាំដោយបានឃាត់ខ្លួនមេខ្យល់នាំពលករឆ្លងដែន ដោយខុសច្បាប់បានជាបន្តបន្ទាប់យកមកសួនាំ និងចាត់ការតាមនីតិវិធី។

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានបន្តថា «កម្លាំងស្នងការនគរបាលខេត្តបាត់ដំបង បានដាក់បញ្ជាយ៉ាងតឹងរឹងឱ្យកម្លាំងនគរបាលវរៈការពារព្រំដែនគោក៨១៩ សហការគ្នាឱ្យបានល្អថែមទៀត ជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុក ក៏ដូចជាកងកម្លាំងជួរមុខទាហាននៅកងពល៥៣ និងជាមួយភាគីថៃ ដើម្បីរក្សាសុខសន្តិភាពស្ថេរភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់រាល់សកម្ម ភាពបទល្មើសឆ្លងដែនខុសច្បាប់ហើយត្រូវដាក់វិធានការ ដើម្បីស្រាវជ្រាវវែកមុខចាប់ឃាត់ខ្លួន មេខ្យល់ ក្រុមដឹកនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ មកផ្តន្ទាទោសតាមផ្លូវច្បាប់ បន្តទៅទៀតដូច ដែលកន្លងមកយើងធ្លាប់បានបង្រ្កាបបានជាបន្តបន្ទាប់មកហើយ»

នាឱកាសនោះដែរ លោកស្នងការ ក៏បានធ្វើការប្រគល់ស័ង្កសីចំនួន ២០០សន្លឹក ផ្ដល់ជូននគរបាលវរសេនាតូចការពារព្រំដែនគោក ៨១៩ ដើម្បីធ្វើរោងតង់កន្លែងការពារប្រចាំកានៅតាមចំណុចតាមព្រំដែនផងដែរ៕