(ភ្នំពេញ)៖ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនានេះ បានចុះកិច្ចសន្យាបញ្ជាទិញនាឡិកាស្ទង់ Smart Meters ពីក្រុមហ៊ុនជប៉ុន EDMI/OSAKI group ដោយមានការចូលរួមជាសាក្សី និងការគាំទ្រផ្ទាល់ពី លោក Kumamaru Yuji ឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំកម្ពុជា។

អគ្គិសនីកម្ពុជាបានឲ្យដឹងថា កិច្ចសន្យានេះ នឹងផ្តល់នាឡិកាស្ទង់ទំនើបចំនួនជិត ៦០០០០គ្រឿងជាការចាប់ផ្តើម ហើយបន្ទាប់មកអគ្គិសនីកម្ពុជា ក៏មានផែនការវិនិយោគបន្ថែមទៀត រហូតដល់​អតិថិជន​​ក្នុងប្រព័ន្ធគ្រប់គ្រងរបស់ខ្លួន ទទួលបាននាឡិកាស្ទង់ថ្មីទាំងអស់។ ការប្រឹងប្រែងបន្ថែមនេះ ជាចំណែកមួយនៃផែនការ ធ្វើទំនើបកម្មរបស់អគ្គិសនីកម្ពុជា ក្នុងការពង្រឹងសុក្រឹតភាព និងប្រសិទ្ធ​ភាព​លើការផ្តល់សេវាជូនអតិថិជនរបស់ខ្លួន៕