(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ពីការរកឃើញមនុស្សចំនួន១៦នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះភាគច្រើនជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ។

រដ្ឋបាលខេត្តស្វាយរៀង បានអះអាងថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ មាននៅស្រុកស្វាយជ្រំ, ស្រុករមាសហែក និងមន្ដ្រីនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ គិតចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជាក្ដៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកសំណាក៕