(ភ្នំពេញ)៖ ក្នុងបរិបទដែលកម្ពុជាកំពុងជួបប្រទះ នូវការរីករាលដាលនៃជំងឺកូវីដ១៩ ព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងការបន្តស្រាវជ្រាវ និងបង្ក្រាបករណីអាល់កុលក្លែងក្លាយ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានណែនាំឱ្យមន្រ្តីក្រោមឱវាទទាំងអស់ បង្កើនសកម្មភាព ត្រួតពិនិត្យគុណភាពអាល់កុល ដែលកំពុងចរាចរដាក់លក់ និងចែកចាយ ក្នុងក្របខណ្ឌទូទាំងប្រទេស។

ជាក់ស្តែងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយកអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជិត១២តោន ទៅបំផ្លាញចោល នៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពិធីបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើង ដោយមានការឯកភាព ពីស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្រ្តីរដ្ឋបាល ខណ្ឌដង្កោផងដែរ។ សារធាតុមេតាណុលទាំងនេះ ត្រូវបានមន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រួតពិនិត្យឃើញ និងរឹបអូសពីតាមបណ្តាឃ្លាំងស្តុក មធ្យោបាយដឹកជញ្ជូន និងបណ្តាឱសថស្ថាននានា ក្នុងរាជធានីភ្នំពេញ។

អាល់កុល ឬអេតាណុល គឺជាសារធាតុ ដែលគេយកមកប្រើសម្រាប់សម្លាប់មេរោគ ពិសេសក្នុងដំណាក់កាល ដែលជំងឺកូវីដ១៩ កំពុងរីករាលដាលខ្លាំង ធ្វើឱ្យតម្រូវការអាល់កុល មានការកើនឡើងខ្ពស់ ជាហេតុនាំឱ្យមានបុគ្គលឆ្លៀត ឱកាសមួយចំនួន បានបន្លំយកសារធាតុមេតាណុល (Methanol) មកលក់ជូនប្រជាពលរដ្ឋ ដើម្បីយកទៅសម្លាប់មេរោគ ឬធ្វើជាសារធាតុផ្សំសម្រាប់ផលិត ជែលសម្លាប់មេរោគជាដើម។

សារធាតុគីមីមេតាណុល គឺជាសារធាតុពុល ដែលគេច្រើន ប្រើធ្វើជាសារធាតុសម្រាប់រំលាយ។ ការប្រើប្រាស់មេតាណុល ធ្វើជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមាន ប្រសិទ្ធភាព ក្នុងការសម្លាប់មេរោគប៉ុណ្ណោះទេ តែថែមទាំងបណ្តាលឱ្យប៉ះពាល់ ដល់សុខភាពរបស់អ្នកប្រើ ដូចជាបណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់ បានប្រសិនបើយកទៅលាយ ជាមួយស្រា ហើយបរិភោគលើសកម្រិត។

ជាថ្មីម្តងទៀត អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវ ដល់បងប្អូន ដែលជាអាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូល ផលិតផល អាល់កុលទាំងអស់ សូមប្រកបរបរអាជីវកម្ម ប្រកបដោយការទទួលខុសត្រូវ ប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ និងសុចរិតភាព ដោយគិតពីសុខុមាលភាព របស់ប្រជាពលរដ្ឋខ្ពស់ជាង ផលចំណេញរបស់ខ្លួន។

ជាមួយគ្នានោះ សូមអំពាវនាវដល់សាធារណជន ដែលជាអ្នកប្រើប្រាស់ទាំងអស់ សូមពិនិត្យនិងជ្រើសរើសផលិតផល ដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់ មុននឹងសម្រេចចិត្ត ជាវអាល់កុលឬជែល យកមកប្រើប្រាស់ក្នុងគោលបំណងសម្លាប់មេរោគ។ ក្នុងករណីមានសង្ស័យជាយថាហេតុ ពាក់ព័ន្ធនឹងគុណភាព អាល់កុល ឬមានព័ត៌មានពីការស្តុកទុក ការចរាចរឬចែកចាយ អាល់កុលក្លែងក្លាយ សូមផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈលេខទូរស័ព្ទ 023 231 856 / 092 830 856 ផេកហ្វេសប៊ុកផ្លូវការ របស់អគ្គនាយកដ្ឋាន ក.ប.ប. www.facebook.com/ccfkh/ ឬតាមរយៈគេហទំព័រ www.ccfdg.gov.kh/