(ស្វាយរៀង)៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានថ្លែងបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ដោយសារមានការគ្រប់គ្រងបានល្អ ក្នុងការបង្ការទប់ស្កាត់ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានលោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត ទើបធ្វើឱ្យស្ថានភាពជំងឺក្នុងខេត្ត បានធូរស្រាលក្នុងរយៈពេលដ៏ខ្លី។

លោកបានបន្តថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានអ្នកជំងឺឆ្លងកូវីដ១៩ នៅខេត្តស្វាយរៀងសរុប៣៦៩នាក់ និងអ្នកជាសះស្បើយចំនួន៣០២នាក់ អ្នកកំពុងព្យាបាលមានចំនួន៦១នាក់ ព្រមទាំងមានករណីស្លាប់ចំនួន ៥នាក់ផងដែរ។

លោកបានបន្ថែមថា សព្វថ្ងៃនៅខេត្តស្វាយរៀង មានមន្ទីរពេទ្យព្យាបាលជំងឺកូវីដចំនួន៣ទីតាំង រួមមាន៖ មន្ទីរពេទ្យបង្អែកស្វាយជ្រំ ស្រុកស្វាយជ្រំ និងមន្ទីរពេទ្យ បង្អែកសាមគ្គីរំដួល ស្ថិតនៅក្នុងស្រុករំដួល និងអគារមួយកន្លែងទៀតនៅក្រុងបាវិត។

ចំពោះរថយន្ត ដឹកអ្នកជំងឺ និងសម្ភារបរិក្ខារពេទ្យ និងសំលៀកបំពាក់ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ ក្រសួងសុខាភិបាល បានឧបត្ថម្ភជាបន្តបន្ទាប់ធ្វើឲ្យខេត្តស្វាយរៀង រហូតមកដល់ពេលនេះ មានការគ្រប់គ្រងបានល្អចំពោះស្ថានភាពជំងឺកូវីដ១៩ និងឈានទៅរកការកាត់ផ្ដាច់ឫសគល់ នៃការចម្លងជំងឺនេះឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

លោកបានបន្ថែមថា អាជ្ញាធរខេត្តបានសម្រេចរក្សាទុកទីតាំងដើមទីចូលខេត្តសម្រាប់ធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន២ទីតាំង រួមមាន៖

*ទី១៖ នៅស្រុកស្វាយជ្រំ តាមបណ្ដោយផ្លូវជាតិលេខ១
*ទី២៖ ស្រុករមាសហែក នៅជាប់ផ្លូវជាតិលេខ១៣ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើតេស្តរកមេរោគកូវីដ១៩ ដើម្បីធ្វើតេស្តចំពោះប្រជាពលរដ្ឋដែលមានការសង្ស័យ ឬស្ថិតនៅក្នុងរោគសញ្ញាសង្ស័យថាមានជំងឺកូវីដ១៩។

លោកសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ដែលបានដឹងខ្លួនថា ធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ១៩ ឬទើបត្រឡប់មកពីតំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ឬមានរោគសញ្ញាសង្ស័យពាក់ព័ន្ធ នឹងជំងឺកូវីដ-១៩ មេត្តាស្ម័គ្រចិត្តទៅធ្វើតេស្តរកមេរោគកូវីដ១៩ ឲ្យបានគ្រប់គ្នា ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា ក្នុងករណីជំងឺកូវីដ-១៩ និងការពារថែរក្សាសុខភាពខ្លួនឯងនិងក្រុមគ្រួសារផង។

ព្រមជាមួយគ្នានេះ ត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេសវិធានការការពារ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបណ្ឌិត កែរ រដ្ឋា ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ដែលមានកូនចៅរស់នៅ និងធ្វើការនៅក្នុងតំបន់ណា សូមរក្សានៅតំបន់នោះដដែល កុំមានការផ្លាស់ទីប្រសិនបើមិនចាំបាច់ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល៕