(ខេត្តកំពង់ចាម)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអំពាវនាវដល់អ្នកគ្រប់គ្រងស្តង់ អ្នកចាត់ចែងសម្រាប់បុណ្យទន្លេ នៅខេត្តកំពង់ចាមឆ្នាំនេះ ឱ្យប្រយ័ត្នរឿងសំរាម នៅពេលដែល​កំពុង​រៀបចំបុណ្យទន្លេ និងបន្ទាប់ពីបុណ្យទន្លេបញ្ចប់រួចរាល់។ លោកថា សំរាមនាំឲ្យប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាព ព្រមទាំងអារម្មណ៍របស់ ប្រជាពលរដ្ឋ។

នៅក្នុងកិច្ចប្រជុំពិនិត្យការរៀបចំលក្ខណៈ​សម្បត្តិការពារ​បុណ្យទន្លេ នៅខេត្តកំពុងចាម និងខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា បញ្ហាសំរាម បញ្ហាអនាម័យ​ជាកត្តាសំខាន់ណាស់ ដូច្នេះអ្នកគ្រប់គ្រងស្តង់ ដាច់ខាតមិនទុកអោយសំរាមធ្វើអោយប៉ះពាល់ដល់សោភ័ណភាព នៃពិធីបុណ្យទន្លេឡើយ។

លោក ថោង ខុន បានបន្ថែមថា គណៈកម្មាការ​បុណ្យត្រូវយក យកចិត្តទុកដាក់បញ្ហាសំរាម និងកាកសំណល់ ធ្វើយ៉ាងណាឱ្យក្លាយ​ជាទីក្រុងបៃតង ឫទីក្រុងស្អាត ដែលយើងត្រូវផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋ មានការលយ់ដឹង​ជាបណ្តើរៗ។ ទោះបីជាកម្មវិធីបុណ្យទន្លេ ចាប់ដំណើរការចាប់ពីថ្ងៃទី១១ ក៏ពិតមែន តែកម្មវិធីកីឡា និងសិល្បៈសម្តែងចាប់ផ្តើមលេងកំសាន្ត តាំងពីថ្ងៃទី១០ខែមករាម្ល៉េះ ហើយមានភ្ញៀវទេសចរណ៍ក្នុងស្រុកមកកំសាន្ត​ជាបណ្តើរៗហើយ ។

សូមបញ្ជាក់ថា បុណ្យទន្លេ ឆ្នាំ២០១៦ នឹងធ្វើឡើង រួមគ្នានៅខេត្តកំពង់ចាម និងត្បូងឃ្មុំ រយៈពេល៣ថ្ងៃ ពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ។ ​បុណ្យទន្លេនេះ មានការតាំង​ពិព័រណ៍ ៣៥០ស្តង់ ដើម្បីលក់ទំនិញ ម្ហូបអាហារខ្មែរ និងអន្តរជាតិ។ ក្រៅពីនោះ មានកម្មវិធីសិល្បៈចម្រៀងប្រពៃណី​ទាក់ទងទឹកដី​ខេត្តកំពង់ចាម និងសិល្បៈ​វប្បធម៌ខ្មែរ ជាច្រើនទៀត៕