(​ណៃ​ពិដោ​)៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោកស្រី អ៊ុង​សាន ស៊ូ​ជី មេដឹកនាំ​គណបក្ស​ឈ្នះឆ្នោត​ក្នុង​សភា​មី​យ៉ាន់​ម៉ា (​ភូមា​) បានប្រកាសថា លោក U HTIN KYAW គឺ​ជា​បេក្ខភាព​តំណាង​បក្ស​របស់​ខ្លួន ដើម្បី​ចូលរួម​ការបោះឆ្នោត​ក្នុង​សភា ដែល​មាន​សមាជិក​មក​ពី​បី​ភាគី ដើម្បី​ជ្រើសតាំង​ប្រធានាធិបតី​នៃ​សហភាព​មី​យ៉ាន់​ម៉ា ដែល​បាន​បន្ថយ​ពេល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា មក​ធ្វើ​នៅ ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៦ នេះ​វិញ​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​លទ្ធផល​នឹង​អាច​ចេញ​ជា​ផ្លូវការ​នៅ​ពេល​រសៀល ឬ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្របពេល​ដែល​លោកស្រី ស៊ូ​ជី ត្រូវបាន​គ្រប់គ្នា​ដឹង​ហើយ​ថា មិន​អាច​ឈរឈ្មោះ​យក​តំណែង​ប្រធានាធិបតី​បានឡើយ ព្រោះ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ថ្មី​បាន​រារាំង ដោយសារតែ​លោក​ស្រី​មាន​ស្វាមី និង​កូនៗ​សុទ្ធ​តែ​ជន​បរទេស​។ ទោះបីជា​បែប​នេះ​ក្តី លោកស្រី អ៊ុង​សាន ស៊ូ​ជី ធ្លាប់​បាន​ប្តេជ្ញា​ថា នឹង​ដើរតួនាទី​ឲ្យលើស​ពី​មេដឹកនាំ​កំពូល​របស់​មី​យ៉ាន់​ម៉ា​ទៅទៀត​៕​