(​ព្យុង​យ៉ាង​)៖ ប្រទេស​ពឹង​ផ្នែក​លើ​អាវុធ​នុយក្លេអ៊ែរ កូរ៉េខាងជើង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​មីនា ឆ្នាំ​២០១៦​នេះ បាន​ប្រកាស​លុបចោល​កិច្ចព្រមព្រៀង ដែល​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយនឹង​កូរ៉េខាងត្បូង​ទាំងអស់ ចាប់ពី​ពេលនេះ​តទៅ​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ ដកស្រង់​ចេញពី សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA​។​

​បន្ថែម​ពីលើ​ការលុបចោល​កិច្ចព្រមព្រៀង​ទាំងអស់​រវាង​កូរ៉េ​ទាំងពីរ​នេះ​ដែរ កូរ៉េខាងជើង បាន​ប្រកាស​ទៀត​ថា នឹង​លក់​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្រុមហ៊ុន​កូរ៉េខាងត្បូង ដែល​មាន​នៅ​កូរ៉េ​ខាងជើង​។ ការវិវឌ្ឍ​ដ៏​អាក្រក់​នេះ បាន​កើតឡើង​ក្រោយ​ប្រទេស​នេះ​ទទួលរង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ផ្ទូនៗ​ពី​អង្គការ​សហប្រជាជាតិ​, ការធ្វើ​សមយុទ្ធ​យោធា ទ្រង់ទ្រាយ​ធំ​រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក និង ការដាក់ទណ្ឌកម្ម​ជា​ឯកតោ​ភាគី បន្ថែម​ទៀត​មក​លើ​កូរ៉េខាងជើង ពី​សំណាក់​អតីត​បងប្អូន​ឈាមជ័រ​តែ​មួយ​គឺ​កូរ៉េខាងត្បូង​៕​