(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ បានបញ្ជាឲ្យក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ រៀបចំដាក់បញ្ចូលគ្រូពេទ្យឯកទេសទាំងអស់ ឲ្យចូលទៅក្នុងក្របខណ្ឌមន្រ្តីរាជការ។

ក្នុងឱកាសអញ្ជើញបិទសន្និបូកសរុបការងាររបស់ក្រសួងសុខាភិបាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រូពេទ្យឯកទេសធម្មតា បានរៀនច្រើនជាងវេជ្ជបណ្ឌិតធម្មតា តែបែរជាពេលបញ្ចប់ការសិក្សាមិនបានចូលធ្វើការទៅវិញ។

សម្តេចបានបញ្ជាក់ថា ទាំងគ្រូពេទ្យឯកទេស ដែលបានបញ្ជូនឲ្យសម្តេចពិនិត្យសម្រេច និងគ្រូពេទ្យឯកទេស ដែលមិនទាន់បានបញ្ជូនទៅពិនិត្យក្តី គឺឲ្យបញ្ចូលទៅក្នុងក្របខណ្ឌទាំងអស់ ដើម្បីឆ្លើយតបបញ្ហាប្រឈមចំពោះការខ្វះខាតគ្រូពេទ្យឯកទេសក្នុងវិស័យសុខាភិបាល។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា «សូមពិនិត្យមើលគ្រូពេទ្យឯកទេស ដែលមិនទាន់បានចូលក្របខណ្ឌ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល ត្រូវបញ្ចូលទៅក្នុងក្របខណ្ឌ។ ថ្ងៃមុនដាក់មកថាខ្វះច្រើនគ្រូពេទ្យឯកទេសហ្នឹង ពេលមានគ្រូពេទ្យឯកទេសហើយ បែរជាមិនអាចចូលធ្វើការបាន ចឹងក្រៅពីចំនួន ដែលខ្ញុំបានចុះហត្ថលេខា និងមិនទាន់ចុះហត្ថលេខា ខ្ញុំប្រកាសបញ្ចូលទាំងអស់តែម្តង។ មានប៉ុន្មានប្រមូលដាក់ទាំងអស់ វាមិនអស់ប៉ុន្មានទេ សំខាន់យើងបានប្រយោជន៍ពីគ្រូពេទ្យឯកទេសហ្នឹង»

សម្តេចបានបញ្ជាឲ្យទទួលស្គាល់គ្រូពេទ្យឯកទេសទាំងអស់ក្នុងក្របខណ្ឌមន្រ្តីរាជការ ចាប់ពីខែមេសានេះតទៅ ព្រមទាំងឲ្យបញ្ចូលគ្រូពេទ្យឯកទេសទៅក្នុងខណ្ឌមន្រ្តីនយោបាយ នៅពេលដល់អាយុចូលនិវត្តន៍ (៦០ឆ្នាំ) ដើម្បីយកគ្រូពេទ្យទៅបម្រើការងារក្នុងមន្ទីរពេទ្យ៕