(ភ្នំពេញ)៖ នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦ម្សិលមិញនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន៥​លើក ក្នុង​នោះ​យប់២​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់៥​នាក់ រងរបួស​ធ្ងន់៣​នាក់ និង​របួសស្រាល១​នាក់ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ​គ្រោះថ្នាក់​ចរាចរណ៍ទាំង៥​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុបចំនួន ៥​គ្រឿ​ង រួមមានម៉ូតូ​ចំនួន ៤​គ្រឿ​ង រថយន្ត​ធុន​តូចចំនួន ១​គ្រឿ​ង និង​អ្នក​ថ្មើរជើង ៣​នាក់ ហើយមូលហេតុ​ដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន៥​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍៤​នាក់ (យប់១​នាក់)។

ជាមួយគ្នានេះ នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់ ​ចរាចរណ៍​ផ្លូវគោករក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន៥៨២៧​គ្រឿង ក្នុងនោះ​បាន​ធ្វើ​ការអប់រំ​ចំនួន៣១៤៤​គ្រឿង ពិន័យ​សរុប២៦៨៣​គ្រឿង និង​អប់រំ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព១៧០២​នាក់៕ ​