(ភ្នំពេញ)៖ អាល្លឺម៉ង់ សន្យាផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៦៣លានដុល្លារអាមេរិក ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ភាគីអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ៥៣លានអឺរ៉ូ សមមូលនឹង៦៣លានដុល្លារអាមេរិក ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា សម្រាប់ឆ្នាំ២០២១-២០២២»

ទំហំហិរញ្ញប្បទានឥតសំណងនេះរួមមាន៖ ២៦លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុ និង២៧លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការ ផ្នែកបច្ចេកទេស។ បន្ថែមលើនេះ នាខែមីនា ឆ្នាំ២០២១ ភាគីអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន៤.៨លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។ បើបូកបញ្ចូលទាំងហិរញ្ញប្បទាន ដែលបានសន្យាផ្តល់ក្នុងកិច្ចចរចានេះ ទំហំហិរញ្ញប្បទានសរុប បានកើនដល់៥៧.៨លានអឺរ៉ូ សមមូលនឹង៦៩លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបទៅនឹងវិបត្តិសុខភាពសកល, គិតត្រឹមខែមីនា ឆ្នាំ២០២១ ភាគីអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១៣.៨ លានអឺរ៉ូ សមមូលនឹង១៧ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់វិធានការឆ្លើយតបបន្ទាន់ ទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

ហិរញ្ញប្បទាននេះ ត្រូវបានប្រើប្រាស់ដើម្បីរួមចំណែកគាំទ្រ ដល់វិធានការឆ្លើយតបបន្ទាន់ ទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងវិធានការស្តារសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីអាល្លឺម៉ង់ក៏បានផ្តល់ហិរញ្ញ-ប្បទានសហប្រតិបត្តិការដល់កម្ពុជា តាមរយៈគម្រោងថ្នាក់តំបន់ និងសាកល ព្រមទាំងតាមរយៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ, អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប៕