(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញផែនទី «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិសាស្ដ្រខេត្ដរបស់ខ្លួន ដែលជាតំបន់មានការឆ្លងរាលដាលជំងឺកូវីដ១៩។ នេះបើតាមផែនទីបង្ហាញទីតាំងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សូមជម្រាបថា រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែឧសភា បានចេញសេចក្តីសម្រេច ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដោយកំណត់ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។ វិធានការរដ្ឋបាល ដែលត្រូវអនុវត្តក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវចាប់ផ្តើមអនុវត្តរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

ក្នុងនោះ «តំបន់ក្រហម» សម្ដៅដល់ភូមិសាស្ដ្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ក្នុងសហគមន៍, «តំបន់លឿងទុំ» សម្ដៅដល់ភូមិសាស្ដ្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ និង «តំបន់លឿង» សម្ដៅដល់ភូមិសាស្ដ្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

ទីតាំងដែលត្រូវបានកំណត់នោះរួមមាន៖ «តំបន់ក្រហម» មានភូមិសាស្ដ្រភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ក្រុងព្រះសីហនុ, «តំបន់លឿងទុំ» មានភូមិសាស្ដ្រសង្កាត់លេខ១ សង្កាត់លេខ២ សង្កាត់លេខ៣ និងភូមិ៦ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ និង «តំបន់លឿង» មានភូមិសាស្ដ្រឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕