(ភ្នំពេញ)៖ ក្រសួងផែនការ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពីការរកឃើញ និងបង្ហាញអត្តសញ្ញាណម្នាក់ ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩ ឈ្មោះ អ៊ុក ទិត្យសុភក្ដិ ជាមន្ដ្រីនៃអគ្គាធិការដ្ឋាន។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងផែនការ បានបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ លោក អ៊ុក ទិត្យសុភក្ដិ បានមកទទួលការចាក់វ៉ាក់សាំងដូសទី១ នៅទីស្ដីការក្រសួង នឹងបន្ដអវត្តមានរហូតដល់រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ទើបឃើញវត្តមានរបស់លោក មកទទួលវ៉ាក់សាំងដូសទី២។

ចំពោះទីស្នាក់អាស្រ័យបច្ចុប្បន្នរបស់លោក អ៊ុក ទិត្យសុភក្ដិ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានអ្នកជិតខាងចំនួន៦នាក់ បានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ៩ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ហើយរូបលោក ព្រមទាំងភរិយា ត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្ដនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដោយលទ្ធផលបង្ហាញនូវថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ថា រូបលោក និងភរិយា មានវិជ្ជមានជំងឺកូវីដ១៩។

ជាមួយគ្នានេះ ក្រសួងផែនការ ក៏បានជូនដំណឹងដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឈ្មោះ អ៊ុក ទិត្យសុភក្ដិ ដោយផ្ទាល់ ត្រូវទៅយកសំណាកនៅតាមទីតាំងដែលក្រសួងសុខាភិបាល។ ចំពោះអ្នកពាក់ព័ន្ធប្រយោល សូមមេត្តាធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯង ដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល៕