(កែប)៖ លោក ងួន ច័ន្ទសុជាតា សមាជិកគណៈកម្មការ ស.ស.យ.ក ថ្នាក់កណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ខេត្ត និងសមាជិកសមាជិកា ស.ស.យ.ក ខេត្តកែប នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារពាក់ព័ន្ធនាំយកគ្រឿងឧបភោគ បរិភោគរបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ផ្តល់ជូនប្រជាពលរដ្ឋប្រមាណ ១៤គ្រួសារ នៅភូមិអង្កោល ដែលរងផលប៉ះពាល់ផ្ទាល់ និងប្រយោលពាក់ព័ន្ធជុំវិញជំងឺកូវីដ១៩។ ពិធីផ្ដល់អំណោយនេះ ធ្វើឡើងនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្នុងដំណើរចុះសួរសុខទុក្ខ និងផ្ដល់អំណោយគ្រឿងឧបភោគបរិភោគខាងលើលោក ងួន ច័ន្ទសុជាតា បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ដែលជានិច្ចកាល លោក តែងបានគិតគូរយកចិត្ត ទុកដាក់ខ្ពស់ ពិសេសសុខទុក្ខ ប្រជាពលរដ្ឋ១៤គ្រួសារ នៅភូមិអង្កោលខាងលើនាឱកាសនេះ ដែលរងផលប៉ះពាល់ផ្ទាល់ និងប្រយោលពាក់ព័ន្ធជុំវិញជំងឺកូវីដ-១៩ ដែលបងប្អូនជួបខ្វះខាតបញ្ហាជីវភាព។

លោក ងួន ច័ន្ទសុជាតា បានបញ្ជាក់ថា បើទោះបីអំណោយតិចតួច ប៉ុន្តែអាចបញ្ជាក់ថា ក្ដីស្រឡាញ់ និងការគិតគូររបស់ថ្នាក់ដឹកនាំ ស.ស.យ.ក ក្នុងការជួយរំលែកការលំបាកបានមួយគ្រា ពិសេសក្នុងស្ថានភាព កាលៈទេសៈពាក់ព័ន្ធជំងឺកូវីដ១៩។

លោកប្រធាន ស.ស.យ.ក ខេត្តកែប ក៏បានស្នើដល់ប្រជាពលរដ្ឋពាក់ព័ន្ធ និងសមាជិកសមាជិកា ស.ស.យ.កខេត្តកែប ត្រូវមានការអត់ធ្មត់ ចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងខិតខំផ្សព្វផ្សាយបន្ត អំពីវិធានការណ៍ទាំងនេះ ជូនក្រុមគ្រួសារនីមួយៗ និងសហគមន៍របស់ខ្លួន ឲ្យបានខ្ជាប់ខ្ជួន និងស្ដាប់ការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ព្រោះបច្ចុប្បន្នជំងឺកូវីដ១៩ បាននិងកំពុង បន្តរីករាលដាលតាមសហគមន៍ ជាពិសេសនៅរាជធានីភ្នំពេញនិងខេត្តមួយចំនួនផងដែរ។

អំណោយរបស់លោក ហ៊ុន ម៉ានី ដែលត្រូវផ្ដល់ជូន ដល់បងប្អូនប្រជាពលរដ្ឋប្រមាណ ១៤គ្រួសារខាងលើ ដែលក្នុង១គ្រួសារៗទទួលបាន អង្ករចំនួន ១០kg, មី ១កេស, ត្រីខ ១យូរ, ទឹកក្រូចSprite ២ដប, ម៉ាស់ ១ប្រអប់, ជេលលាងដៃ ២ដប និងអាលកុលចំនួន ០,៥លីត្រ។ បន្ទាប់មកសហភាពសហព័ន្ធយុវជនកម្ពុជា ខេតកែប បានចុះចងបដាអប់រំ ស្តីពី (៣ការពារ និង ៣កុំ) នៅតាមដងផ្លូវទីសាធារណៈ បានចំនួន ៥ផ្ទាំងផងដែរ៕