(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ, លោក ងួន រាសី នាយកខុទ្ទកាល័យកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល, លោក ឃឹង នុភាព និងលោក នង វាសនា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ព្រមទាំងសហការី បានបន្ដនាំយកអំណោយរបស់លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនក្រុង-ស្រុកចំនួន៣ ដែលជាស្រុកចុងក្រោយ ក្នុងចំណោម៩ក្រុងស្រុក ក្នុងខេត្តកំពង់ធំ រួមមាន ស្រុកសណ្ដាន់ ស្រុកប្រាសាទសំបូរ និងក្រុងស្ទឹងសែន សម្រាប់ប្រើប្រាស់ក្នុងមណ្ឌលចត្តាឡីស័កថ្នាក់ក្រុង-ស្រុក និងដើម្បីចូលរួមគាំទ្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

លោក ងួន រាសី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ជូនចំពោះក្រុមការងារទាំងអស់ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅពេលនេះ ព្រមទាំងកោតសរសើរអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះទាំងអស់ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួននៅក្នុងដំណាក់កាលកូវីដនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយជាពិសេសសូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការរបស់ រាជរដ្ឋាភិបាលឲ្យមាន ប្រសិទ្ធភាពខ្ពស់បំផុត និងបន្តប្រកាន់នូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានោះដែរលោក សុខ លូ បានសំណូមពរដល់ល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ ក្នុងត្រៀមរៀបចំទីតាំងមណ្ឌលច័ត្តាឡីស័កថ្មីសម្រាប់ដាក់អ្នកវិជ្ជមានកូវីដ១៩ កើនឡើងពីរករណីបន្ថែមទៀត។

លោកថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តនូវវិធានការការពារ ជំងឺកូវីដ១៩ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នា ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលក្រុងស្រុកទាំង៣ បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ងួន រាសី និងលោក សុខ លូ រួមជាមួយប្រភិភូអមដំណើរ ដែលបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ជាគ្រឿងឧបភោគបរិភោគ និងសម្ភារការពារកូវីដ១៩ មកប្រគល់ជូនរដ្ឋបាលក្រុង-ស្រុក សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័កក្នុងអំឡុងពេលនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា សម្ភារដែលបានឧបត្ថម្ភទូទាំង៩ក្រុងស្រុក រួមមាន៖ ម៉ាស់ចំនួន ៦១កេសធំ ម៉ីខ្លាឃ្មុំចំនួន ៣០២កេស អាល់កុលចំនួន ៣២៣៩ ត្រីខកំប៉ុងចំនួន ៣២កេស និងទឹកសុទ្ធចំនួន ៣០២០យួរ ជូនដល់ក្រុង ស្រុកទាំង៩ , នៃខេត្តកំពង់ធំ ដើម្បីគាំទ្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីង-១៩៕