(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (NMCHC), សមាគមឆ្មបកម្ពុជា (CMA) និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសរួមគ្នា ក្នុងទិវាឆ្មបអន្តរជាតិ២០២១។

ក្នុងសេចក្ដីប្រកាសរួមបានលើកឡើងថា «នាឱកាសដ៏ល្អប្រសើរថ្លៃថ្លា នៃទិវាឆ្មបអន្តរជាតិ២០២១នេះ យើងសូមអំពាវនាវ ជាថ្មីម្តងទៀតថា តួនាទីរបស់ឆ្មប មានសារៈសំខាន់ណាស់ ក្នុងការជួយសង្រ្គោះជីវិត ជាពិសេសក្នុងអំឡុងពេលរាតត្បាត នៃជំងឺកូវីដ-១៩»

ផ្អែកតាមទិន្នន័យច្បាស់លាស់ និងតួនាទីរបស់យើង គឺមានភាពសាមញ្ញ ប៉ុន្តែឆ្មបជួយសង្រ្គោះជីវិត ដូច្នេះការវិនិយោគលើឆ្មប គឺជាចូលរួមកាត់បន្ថយ អត្រាមរណៈភាពមាតា និងទារក។

គូសបញ្ជាក់ថា ទិវាឆ្មបអន្តរជាតិ បានប្រារព្វធ្វើឡើងរៀងរាល់ឆ្នាំ នៅថ្ងៃទី៥ ខែឧសភា ក្នុងគោលបំណងបង្ហាញអំពីតួរនាទី ដ៏សំខាន់របស់ឆ្មប និងការដឹងគុណលើកិច្ចខិតខំប្រឹងប្រែង របស់ឆ្មបក្នុងការសង្គ្រោះជីវិតម្តាយ និងទារក។ ប្រធានបទសម្រាប់ទិវាឆ្មបអន្តរជាតិឆ្នាំនេះគឺ «ផ្អែកតាមទិន្នន័យ គប្បីវិនិយោគ លើការងារឆ្មប»

ប្រធានបទឆ្មាំនេះ បង្ហាញអំពីតួរនាទីដ៏សំខាន់របស់ឆ្មប ដែលជាមូលដ្ឋានដើម្បីពង្រឹងគុណភាពសេវាថែទាំសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសុខភាពមាតា និងការធានាឲ្យទទួលបានជាសកល នៃសេវាសុខភាពទាំងនេះ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍសុខាភិបាលជាតិ និងការប្តេជ្ញាចិត្តនៃសន្ធិសញ្ញាអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍ ព្រមទាំងសម្រេចបាននូវគោលដៅអភិវឌ្ឍ ប្រកបដោយចេរភាពត្រឹមឆ្នាំ២០៣០៕