(កំពង់ចាម)៖ មេក្លោងចែកចាយគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាមចាប់ខ្លួន ដកហូតបានថ្នាំញៀនជាង២គីឡូក្រាម នៅស្រុកជើងព្រៃ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះថា ប្រតិបត្តិការចាប់ខ្លួនមេក្លោងចែកចាយថ្នាំញៀន ធ្វើឡើងក្រោមការសម្របសម្រួលពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

មេក្លោងចែកចាយគ្រឿងញៀនរូបនេះ ឈ្មោះ ផៃ សីហា អាយុ៣៥ឆ្នាំ រស់នៅភូមិស្វាយជូ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ ជនសង្ស័យរូបនេះ ក៏ជាមុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួន ចេញដោយលោក ធន់ ដារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាមផងដែរ។

ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញដកហូតបាន ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន ២កញ្ចប់ធំ (ទម្ងន់២,០៣៧.៧១ក្រាម) ទាំងសំបក និងទូរស័ព្ទចំនួន០២គ្រឿង។

លុះរហូតមកដល់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតពីថ្នាក់ដឹកនាំខាងលើ កម្លាំងសមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវករណីខាងលើ រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួន និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់បន្ថែមទៀត។ អ្នកទាំង០២នាក់ខាងលើជាមុខសញ្ញាជួញដូរ ដែលមកទិញថ្នាំញៀនពីឈ្មោះ ផៃ សីហា យកទៅលក់បន្ត។

បន្ទាប់ពីធ្វើការឃាត់ខ្លួនឈ្មោះ ផៃ សីហា បានហើយក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនដែលបានទូរស័ព្ទមកឈ្មោះ ផៃ សីហា រកទិញថ្នាំញៀន សមត្ថកិច្ចយើងក៏បានឃាត់ខ្លួនបានចំនួន១៣នាក់បន្ដទៀតផងដែរ។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕