(សៀមរាប)៖ នាយប់ថ្ងៃទី២ ខែឧសភា នេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II នៅភូមិមណ្ឌល៣ ជាបណ្ដោះអាសន្ន បន្ទាប់ពីពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ថ្មីចំនួន៤នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន អ្នកជំងឺថ្មីទាំង៤នាក់នោះ រួមមាន៖

១- ឈ្មោះ ឈួន សុជាតា ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានធ្វើដំណើរមកពីខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ ចំពោះករណីទី១នេះ អាជ្ញាធរសម្រេចបិទមន្ទីរសម្រាកព្យាបាលខាងលើជាបណ្ដោះអាសន្ន ដើម្បីស្រាវជ្រាវអ្នកពាក់ព័ន្ធបន្ថែម។

២- ឈ្មោះ យី រ៉ង ភេទប្រុស អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិជ្រៃម្រាក់ ឃុំគោកគង់កើត ស្រុក កញ្ចៀច ខេត្តព្រៃវែង បានធ្វើដំណើរមកពីខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ និងមានទំនាក់ទំនងនឹង ឈ្មោះ អូន អ៊ន វិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

៣- ឈ្មោះ ស្រី តុងឈីម ភេទប្រុស អាយុ៣៩ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានធ្វើដំណើរមកពីខេត្តកំពង់ស្ពឺ។

៤- ឈ្មោះ ស្រី សារ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានធ្វើដំណើរមកពីខេត្តកំពង់ស្ពឺ មកដល់ព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ នៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដែលរួមដំណើរជាមួយឈ្មោះ ស្រី តុងឈីម និងអ្នករួមដំណើរមួយចំនួន ដែលរដ្ឋបាលខេត្តនឹងជូនដំណឹងនាពេលបន្ទាប់។

រដ្ឋបាលខេត្ត បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុង-ប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាល្មើសនឹងវិធានការនេះ នឹងប្រឈមទទួលការផ្តន្ទាទោសពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងធ្លាប់បានចេញ-ចូល មន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕