(ភ្នំពេញ)៖ រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម លក់ស្បៀងជូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម បានអង្ករ៤០៥៩ប៉ាវ, មី១២៥៧៥កេស, ត្រីខ៦៦០៤យួរ និងគ្រឿងបរិភោគមួយចំនួនទៀត រួមទាំងបន្លែបង្ការមួយចំនួនផងដែរ។

នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ។

លោក ប៉ែន សុវិជាតិ បានឲ្យដឹងថា អនុវត្តស្មារតីសេចក្តីសំរេចលេខ៥៤, ក្រសួងពាណិជ្ជកម្ម បានបង្កើនចំនួនស្តង់ នៅតាមទីតាំងទាំង១១ កន្លែងដែលមានក្នុងពេលបច្ចុប្បន្ន នៅតំបន់ក្រហម និង រៀបចំរំកិលផ្លាស់ប្តូរទីតាំងស្តង់ទៅកន្លែងតំបន់ក្រហមដែលទើបកំណត់ថ្មី។

ទន្ទឹមនឹងនេះ បានបង្កលក្ខណៈឲ្យផ្នែកឯកជនចូលរួមលក់ទំនិញតាមស្តង់ និងភ្ជាប់បណ្តាញជាមួយទីផ្សារអនឡាញរបស់ក្រសួងផងដែរ។ មកដល់ពេលនេះ ក្រុមហ៊ុនដែលបានភ្ជាប់បណ្តាញលក់អនឡាញរួចហើយរួមមាន៖

* ក្រុមហ៊ុនវីរះប៊ុនថាំ ភ្ជាប់បណ្តាញ VTENH
* ក្រុមហ៊ុន Super App
* ក្រុមហ៊ុន AEON
* ក្រុមហ៊ុន Smile Shop

លោក ប៉ែន សុវិជាតិ បានបន្ថែមទៀតថា ក្រសួងបានសំរបសំរួលឲ្យក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភទារក ដូចជាក្រុមហ៊ុន Bavy Care, ក្រុមហ៊ុន DKSH, ក្រុនហ៊ុន Danone នាំយកផលិតផលសំរាប់ទារករួមមាន ទឹកដោះគោ Dumex, Aptamil, AptaKid, និង Dugro ចូលទៅដាក់ស្តង់លក់ជាប់ជាមួយស្តង់របស់ក្រសួង។

ជាមួយគ្នានេះ វត្តមានផ្សារ Makro ដែលនៅបន្តចូលរួមជាមួយយើង តាមតំបន់ក្រហម ក៏ធ្វើឲ្យមានមុខទំនិញបន្ថែមទៀត ក្រៅពីទំនិញស្បៀងយុទ្ធសាស្រ្ត ដែលក្រសួងដាក់លក់។

លោកថា ចំពោះតំបន់លឿងទុំ ដែលមានលក្ខណៈធូរស្រាលជាង យើងបានបង្កើនចំនួនរថយន្តចល័ត លក់តាមទីតាំងផ្សេងៗ ហើយបានសំរបសំរួល ឲ្យផ្នែកឯកជនបានចូលរួមតាមរយៈការបន្ថែមមុខទំនិញ និងការចូលរួមលក់នៅនឹងកន្លែង តាមការកំណត់របស់អាជ្ញាធរមូលដ្ឋាន។

លោកបន្ដទៀតថា ដើម្បីបន្តរក្សាស្ថិរភាព នៃការផ្គត់ផ្គង់ និងទប់កុំឲ្យទំនិញចាំបាច់សំរាប់ជីវភាពឡើងថ្លៃ ក្រសួងបន្តជួយសំរបសំរួលជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអាជ្ញាធររាជធានី ក្នុងការដឹកជញ្ជូនទំនិញបន្លែស្រស់ ត្រី សាច់ ពីប្រភពផលិតមកទីតាំងចែកចាយព្រមទាំងជួយសំរបសំរួល ឲ្យទំនិញមួយចំនួនបានចូលលក់ និងទទួលទិញដោយទីផ្សារធំៗ ដែលនៅមានសកម្មភាព៕