(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហើបពីការត្រៀមហៅកីឡាករបាល់ទាត់លំដាប់ពិភពលោក ចំនួន២រូប គឺ Messi និង Neymar មកទស្សនកិច្ចប្រទេសកម្ពុជា ពេលស្ថានភាពជំងឺកូវីដ១៩ធូរស្រាល។

ការបង្ហើបខាងលើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយពីមានកូនខ្មែរមួយរូប ស្នើសុំសម្តេចតាមរយៈការ Comment នៅលើ Facebook សម្តេចដោយផ្ទាល់។

កូនខ្មែររូបនេះ មានគណនី Facebook ឈ្មោះ Din Din បានមក Comment យ៉ាងដូច្នេះថា៖ «កូនស្នើពុក ពេលឈប់កូវីដ១៩ ចង់ឲ្យសម្តេចពុកហៅ Neymar និង Messi មកខ្មែរយើងមក»។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍តបថា «ចាំពុកសាកល្បងអញ្ជើញគាត់មកទស្សនកិច្ចប្រទេសយើង»

សូមជម្រាបថា Messi តារាបាល់ទាត់ឆ្នើមប្រចាំក្លឹបកំពូលអេស្ប៉ាញ Barcelona មានសញ្ជាតិអាហ្សង់ទីន និង Neymar តារាបាល់ទាត់ឆ្នើមប្រចាំក្លឹបកំពូលបារាំង Paris Saint-Germain មានសញ្ជាតិប្រេស៉ីល ដែលសុទ្ធសឹងជាប្រទេសស្ថិតនៅអាមេរិកឡាទីន៕