(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ឱ្យបានរួចរាល់ នៅអំឡុងខែឧសភា និងខែមិថុនា ឆ្នាំ២០២១នេះតែម្តង។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈ Comment នៅលើទំព័រ Facebook របស់សម្តេច ដោយឆ្លើយតបនឹងសំណូមអ្នកលេងហ្វេសបុកម្នាក់ឈ្មោះ «Ben KH» ដែលបានលើកជាសំណូមពរនៅលើទំព័រ ហ្វេសបុករបស់ សម្តេចស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ដោយសរសេរ Comment នៅលើទំព័រហ្វេសបុកសម្តេច ក្រោមអត្ថបទ «តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? នោះ អ្នកលេងហ្វេសបុកឈ្មោះ «Ben KH» បានស្នើថា «ខ្ញុំបាទសូមគោរព សម្តេចពុក។ ខ្ញុំបាទស្នាក់នៅភូមិ ៨ ក្រុមទី ៣០ សង្កាត់បឹងកក់១ ផ្លូវ៥១៦ ខណ្ឌទួលគោក ខ្ញុំបាទនិងភូមិអាយុក្រោម៦០ឆ្នាំ ប្រហែល ៩៨% មកដល់ពេលនេះមិនទាន់បានទទួលការចាក់ វ៉ាក់សាំង លើកទី១ នៅឡើយទេ។ សូមសម្តេចពុក ជួយកូនចៅអោយបានចាក់នឹងគេផង។ សូមអរគុណ»

ឆ្លើយនឹង Comment នេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «នឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមានមុនមានក្រោយ ព្រោះពេទ្យយើងមិនអាចធ្វើមួយថ្ងៃឬមួយសប្តាហ៍អស់ទេ។ យើងនឹងចាក់ជូនបងប្អូននៅភ្នំពេញ និងខេត្តកណ្តាល ឱ្យរួចរាល់ក្នុងខែឧសភា និងមិថុនា២០២១នេះ។ ពេលនេះកំពុងប្រមូលផ្តុំការខិតខំចាក់នៅតំបន់ក្រហមឱ្យបានមុន»

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល មានការអត់ធ្មត់រង់ចាំបន្តិចទៀត ដោយរាជរដ្ឋាភិបាលនឹងផ្តល់ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពួកគាត់បានគ្រប់ៗគ្នា។ សម្តេចបញ្ជាក់ថា «ខ្ញុំប្រើពាក្យថាស្រោចវ៉ាក់សាំងជូនប្រជាជននៅភ្នំពេញឱ្យមានភាពសុាំ មិនឱ្យមានឆ្លងកូវីដ១៩តទៅទៀត»

សូមបញ្ជាក់ថា ពេលនេះក្រសួងការពារជាតិ កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៤ ក្នុងរាជធានីភ្នំពេញ ដែលជាតំបន់មានហានិភ័យខ្ពស់ ដើម្បីទប់ស្កាត់នូវភាពធ្ងន់ធ្ងរ នៃការរីករាលដាលជំងឺកូវីដ១៩៕