(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ជាទីប្រឹក្សារាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចការប្រវត្តិសាស្ត្រ និងអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាជននៅតំបន់ក្រហម រាជធានីភ្នំពេញ ឬអាចហៅថា «យុទ្ធនាការស្រោចវ៉ាក់សាំងនៅតំបន់ក្រហម មានន័យថា ជាយុទ្ធនាការដ៏ក្តៅគគុកមួយ ក្នុងវិធានការរបស់រាជរដ្ឋាភិបាលសម្រាប់ប្រយុទ្ធប្រឆាំងទប់ទល់នឹងកូវីដ១៩»។

នាយឧត្តមសេនីយ៍ បានថ្លែងថា យុទ្ធនាការនេះត្រូវបានទទួលភារកិច្ចការចាត់តាំងអនុវត្តដោយកងយោធពលខេមរភូមិន្ទ សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្រសួងពាក់ព័ន្ធរួមមាន ក្រសួងសុខាភិបាល ក្រសួងការងារ និងស្ថាប័នដទៃទៀត។ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយបន្ថែមទៅលើការងារសំខាន់ជាច្រើនដែលកើតមានក្នុងសម័យកាលកូវីដ១៩។

ក្នុងការរៀបចំ យុទ្ធនាការបានដំណើរការក្រោមការដឹកនាំផ្ទាល់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងការចាត់ចែងជាសេនាធិការដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ ប្រធានក្រុមប្រតិបត្តិយ៉ាងសស្រោកសស្រាំ។ កិច្ចដំណើរការមានរយៈពេលប្រុងប្រៀបខ្លីបំផុត តែដោយសមត្ថភាពចាត់ចែង កិច្ចសហការ ដំណើរការចាប់ពីថ្ងៃទី១ ខែឧសភា ជាបន្តបន្ទាប់នេះ ឃើញថាមានភាពរលូន និងមានប្រសិទ្ធភាពគួរកត់សម្គាល់។

ការចូលរួមរបស់ប្រជាជនមានភាពខ្លាំងក្លា សន្ធោសន្ធៅ ខុសពីដំណាក់កាលមុនៗជាច្រើន។ ដូច្នេះមានន័យថាចំនឹងគោលដៅចំគន្លឹះ នៃការដាក់ចេញវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ចំពេលវេលា និងចំទីកន្លែង ហើយក៏ត្រូវចំ នឹងតួអង្គដែលទទួលអនុវត្ត។ នេះគឺជាភាពឈ្លាសវៃជាញជ័យជាប្រវត្តិសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល និងប្រតិបត្តិការពាក់ព័ន្ធ ហើយក៏ត្រូវកត់ត្រាទុក ព្រោះនេះជាចំណុចសំខាន់ក្នុងដំណាក់កាលនេះ។

ប្រសិនបើរាំងខ្ទប់ការពារបាន បោសសម្អាតបាននូវតំបន់ក្រហមឱ្យក្លាយជាតំបន់លឿងទុំ ឱ្យក្លាយជាតំបន់លឿង ហើយក្លាយជាតំបន់ដែលមិនមានការឆ្លង មានសភាពធម្មតា នោះគឺជាភាពជោគជ័យជាប្រវត្តិសាស្ត្រ នៃការប្រយុទ្ធប្រឆាំងកូវីដ១៩។ ទោះបីជានៅមានការរីករាលដាលនៅតំបន់ដទៃតាមរយៈការធ្វើដំណើរ ការសាយភាយ ដោយសារការអនុវត្តមិនបានគ្រប់ជ្រុងជ្រោយរបស់ប្រជាជន និងតួអង្គដទៃខ្លះ ប៉ុន្តែការរៀបចំយុទ្ធនាការមួយនេះ គឺជាភាពរស់រវើក ត្រូវចំគោលដៅ ជាសមរភូមិប្រយុទ្ធមួយត្រូវចាត់ចែងក្នុងពេលសង្គ្រាមដូច្នោះដែរ។

យើងមើលឃើញជាមួយស្ថានភាពដំណើរការ ការប្រុងប្រៀបជាច្រើនដែលរៀបចំដោយកងកម្លាំងតាម អង្គភាពនីមួយៗ ការទទួលវ៉ាក់សាំងពីស្ថាប័នជំនាញ ក្រសួងសុខាភិបាលមកគ្រប់គ្រងទុក និងការដឹកបែងចែកតាមគោលដៅ និងគោលដៅចាក់វ៉ាក់សាំង ដោយអមជាមួយនឹងការចេញប័ណ្ណសម្រាប់ការ ចាក់ហើយ ដោយមានការថតរូបទៅជាមួយ និងការធានាបន្ថែមពីអង្គភាពក្រោមការចាត់ចែងរបស់មេបញ្ជាការ ដែលជាអ្នកធ្លាប់ឆ្លងកាត់ភ្លក់រសជាតិ នៅក្នុងសង្គ្រាមផ្ទាល់ គឺជាកត្តាជោគ-ជ័យសំខាន់។ មានកិច្ចការជាច្រើនទៀតដែលត្រូវដោះស្រាយនៅទីលានផ្ទាល់ ទីកន្លែងចាក់ ដំណើរការការសហការ ការធានា និងដំណាក់កាលសំខាន់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយត្រូវបញ្ចប់តាមការណែនាំដ៏ជាក់លាក់របស់សម្តេចពិជ័យសេនាកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១កន្លងមក។

ក្នុងនេះមានការកត់សម្គាល់អំពីអត្ថន័យ និងតួនាទីកាន់តែសំខាន់របស់វ៉ាក់សាំង និងការទទួលបានវ៉ាក់សាំង ដែលពីមុនទិដ្ឋភាពបែបនេះមិនមានការចាប់អារម្មណ៍ច្រើន ហើយរហូតដល់មានអ្នកគេចវេស ទោះបីមានវិធានការចែក ហៅ ប្រមូលផ្តុំ រៀបចំ ប៉ុន្តែមកទល់ពេលនេះ ការចាក់ ការទទួលវ៉ាក់សាំងគឺជាគន្លឹះដែលមាន និយមន័យ អត្ថន័យជាប្រវត្តិសាស្ត្រដែលកំពុងដើរតួ ជាមួយនឹងពាក្យដទៃទៀត ដូចជាពាក្យ បិទខ្ទប់ (Lockdown) និងការរៀបចំតំបន់ក្រហម លឿងទុំ លឿង និងវិធានការ «៣កុំ ៣ការពារ» ព្រមទាំងកិច្ចការសហប្រតិបត្តិការផ្សេងៗដែលមានសារសំខាន់ បានមកពីទំនាក់ទំនងមិត្តភាព យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន។

ក្នុងនេះចំណុចកត់សម្គាល់មានន័យថា វ៉ាក់សាំងបានធ្វើដំណើររាប់ពាន់ គីឡូម៉ែត្រពីកន្លែងផលិត ដោយមានការដឹកជញ្ជូនថែទាំដើម្បីធានាគុណភាព និងប្រសិទ្ធភាព។ មិនមែនជាការធម្មតាទេ ក្នុងពិភពលោកនាពេលនេះ។ គុណតម្លៃនៃវ៉ាក់សាំងគឺជារឿងមួយ តែការរកបានវ៉ាក់សាំងឱ្យបានត្រូវ ទាន់ពេលសំខាន់ត្រង់ថាបច្ចុប្បន្នក្នុងពិភពលោកទាំងមូលទិដ្ឋភាព នៃការផលិត ការចែកចាយ ការរត់រកវ៉ាក់សាំងនេះ គឹបុកគ្នាពេញទំហឹងក្នុងចរន្តចក្រវាលតែម្តង បើទោះបីវ៉ាក់សាំងត្រូវបានចាត់ទុកថាជាសម្បត្តិសាធារណៈ គឺជាផលិតផលសាធារណៈក្តី ដូច្នេះការទទួលបានវ៉ាក់សាំងដែលត្រូវពេលគឺជារឿងសំខាន់បំផុត ដោយសារ យើងឃើញមានទិដ្ឋភាពដែលកំពុងកើតឡើង ក្នុងពេលទន្ទឹមជាមួយគ្នានេះទាំងនៅប្រទេសឥណ្ឌា អាល្លឺម៉ង់ ប្រេស៊ីល បារាំង និងនៅកន្លែងផ្សេងៗជាច្រើន យើងឃើញថាតួនាទីវ៉ាក់សាំងជាមួយនឹងវិធានការផ្សេងៗ គឺមានសារសំខាន់បំផុតក្នុងការធ្វើសង្គ្រាមប្រឆាំងកូវីដ១៩ ប្រៀបបីដូចជាអាវុធដ៏មាន ប្រសិទ្ធភាព ជាមួយនឹងមេរោគដែលជាបច្ចាមិត្ត។

នៅទីនេះទៀតសោត វ៉ាក់សាំងដែលកម្ពុជាបានទទួលក៏មានច្រើនប្រភេទ មានទាំងស៊ីណា-ហ្វាម ស៊ីណូវ៉ាក់ អាសត្រាសេណេកា កូវ៉ាក់ និងប្រភពផ្សេង។ ដូចនេះការរៀបចំប្រើប្រាស់សម្រាប់តួអង្គគឺជាសមត្ថភាពដ៏ពិសេសមួយទៀត ក្នុងការចាត់ចែងរបស់ក្រុមប្រតិបត្តិ។ ទន្ទឹមនេះ អត្ថន័យ នៃការធ្វើយុទ្ធនាការដែលយើងឃើញថា

*ទី១៖ ការដាក់ចេញនូវវិធានការ និងផែនការ
*ទី២៖ ការចាត់ចែងយកមករៀបចំ
*ទី៣៖ ដំណើរការប្រតិបត្តិជាក់ស្តែង ដូចជាការរៀបចំយន្តការ ការរៀបចំសម្ភារ ការរៀបចំគោលដៅ គឺជាទិដ្ឋភាពមួយត្រូវបានធ្វើការសិក្សា និងកត់ត្រាឱ្យបានជាប់លាប់ និងជាក់លាក់។

អ្វីដែលយើងគួរកត់សម្គាល់ គឺជាលទ្ធផលពិត ប្រាកដថា គឺសមានចិត្ត និងការជឿជាក់របស់ប្រជាជនដែលមើលឃើញទិដ្ឋភាពនេះ ដែលបានទទួលផលពីនេះកម្រិតណា និងយ៉ាងដូចម្តេច។ មានបទសម្ភាសន៍ជាច្រើនដែលប្រជាជនបានបង្ហាញពីបេះដូង បានបង្ហាញពីឆន្ទៈ មនោសញ្ចេតនា ហើយការចូលរួមរបស់ប្រជាជនលើកនេះក៏មានសន្ទុះខុសប្លែកពីមុន ជាការស្វះស្វែងរត់មករក ការធ្វើដំណើរទីឆ្ងាយ ពីខេត្តផ្សេងៗ ទីកន្លែងផ្សេងៗដើម្បីចូលមកចាក់វ៉ាក់សាំង រួមទាំងដំណើរការបន្តផ្នែកដូសទី២ ដែលនៅខាងក្រៅតំបន់ក្រហមក្តី ការបន្តស្វះស្វែងរកដូសទី១ នៅខាងក្រៅក្តី និងការដែលកំពុងធ្វើយ៉ាងក្តៅគគុកស្រោចវ៉ាក់សាំងនៅតំបន់ក្រហមនេះ បានបង្ហាញឱ្យឃើញនូវតួនាទីរបស់វ៉ាក់សាំងដែលបានជ្រាបចូល ទៅក្នុងការយល់ដឹងប្រជាជនយ៉ាងជាក់លាក់ពិតប្រាកដ និងជំនឿរបស់ប្រជាជនដែលស្វះស្វែងមកទទួលវ៉ាក់សាំងអំពីក្រុមគ្រូពេទ្យ នេះហើយជាលទ្ធផលដែលយើងចង់បាន ហើយអ្វីដែលជាប្រសិទ្ធភាពយើង ត្រូវការសម្រាប់ការពារប្រយុទ្ធប្រឆាំងជាមួយមេរោគកូវីដនេះ ក្រោមមគ្គុទ្ទេសក៍ដ៏ ឆ្នើមរបស់សម្តេចតេជោសែន។

ប្រសិនបើដំណើរការនេះបន្តក្នុងស្ថានភាពដែលទទួលបានលទ្ធផលបែបនេះ គ្រប់កន្លែងបន្ថែម រួមផ្សំនឹងវិធានការភ្ញាក់រលឹកដោយប្រជាជន ដោយមនុស្សម្នាក់ៗ ដោយក្រុមគ្រួសារនីមួយៗ យើងជឿជាក់ថា មាតុភូមិកម្ពុជាយើងក្រោម ការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងវិលមកប្រក្រតីភាពឆាប់ៗ ដោយសារការអនុវត្តជាក់ស្តែងដោយប្រតិបត្តិករសំខាន់ៗ ពោរពេញដោយបទពិសោធន៍ ដោយឡែកកងយោធពលខេមរភូមិន្ទជាប្រតិបត្តិករ ជាក់ស្តែងដែលកំពុងអនុវត្តផ្ទាល់ចូលរួមចំណែកនៅគ្រប់កន្លែង ជាមួយគ្រប់ស្ថាប័ន។

ការអនុវត្តភារកិច្ចដ៏មានកិត្តិយស របស់កងយោធពលខេមរភូមិន្ទនេះ ប្រើប្រាស់លក្ខណៈសរុប កម្លាំងសរុប វិធានការសរុប និងបើកចំហ ដែលមានការចូលរួមការគាំទ្របំពេញបន្ថែមពីគ្រប់មជ្ឈដ្ឋាន នេះជាកាតព្វកិច្ចរួមសម្រាប់ជាតិ សមរភូមិសាធារណៈ និងសង្គម។ នេះជាវិញ្ញាសា និងជាតឹកតាងដែលត្រូវចារនៅក្នុងទំព័រថ្មីនៃប្រវត្តិសាស្ត្រ ដែលបានបង្ហាញនូវស្មារតីសាមគ្គី ស្មារតីសហការ ទេពកោសល្យ និងសមត្ថកិច្ចខ្ពស់ ដើម្បីដោះស្រាយនូវបញ្ហាដ៏គ្រោះថ្នាក់ ដល់សន្តិសុខជាតិ ប្រកបដោយលទ្ធផលខ្ពស់បំផុត៕