(ព្រះសីហនុ)៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP KOH RONG DEVELOPMENT COMPANY LTD និងភរិយា បានឧបត្ថម្ភថវិកាចំនួន ២០.០០០ ដុល្លារអាមេរិក ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញលិខិតថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា គិត ម៉េង និងភរិយា ដែលបានឧបត្ថម្ភថវិកាទាំងនេះ ដោយលោកចាត់ទុកថា សកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ។

លោក គួច ចំរើន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP KOH RONG DEVELOPMENT COMPANY LTD និងលោកជំទាវ បានឧបត្ថម្ភថវិកាជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់»

កាយវិការនៃការបរិច្ចាគថវិការបស់អ្នកឧកញ៉ា គិត ម៉េង នាំឱ្យមានការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងពីមហាជន។ អ្នកឧកញ៉ា គិត ម៉េង ជាសេដ្ឋីខ្មែរមួយរូប ដែលតែងតែចូលរួមដោះស្រាយ ការលំបាកជាមួយរាជរដ្ឋាភិបាល រាល់ពេលរាជរដ្ឋាភិបាលមានការលំបាកកន្លងមកផងដែរ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៤,៥២០នាក់, អ្នកជាសះស្បើយចំនួន ៥,៣៦៩នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៩,០៤០នាក់ និងអ្នកស្លាប់ចំនួន១០៣នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល សម្រាប់ខេត្តព្រះសីហនុ បានរកឃើញអ្នកឆ្លងសរុប ១៨៨៤នាក់ ករណីថ្មី ១២៤នាក់ ករណីជាសរុប ៨២១នាក់ ករណីជាថ្មី ៧៤នាក់ ករណីស្លាប់សរុប ៥នាក់ ករណីស្លាប់ថ្មី ១នាក់ និងខណៈករណីកំពុងព្យាបាល ១០៥៨នាក់៕