(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ សម្រេចផ្អាកអាជីវកម្មរោងចក្រ ជាំងសាង ស្ព័ត ស្ដេសិនណឺរី ដែលមានទីតាំងស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្រោយរកឃើញកម្មករកើតជំងឺកូវីដ១៩។

អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកពីកម្មករ នៅផ្នែកបាញ់ស៊ុមរូបគំនូរ ក្នុងរោងចក្រ ហើយលទ្ធផលបញ្ជាក់ថា វិជ្ជមានជំងឺកូវីដ១៩។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បន្ថែមទៀតដល់កម្មកររោងចក្រ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្ដោះអាសន្នដំណើរការអាជីវកម្មរោងចក្រ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះ។

ក្នុងអំឡុងពេល២ថ្ងៃនេះ តម្រូវឲ្យនាយករោងចក្រ សហការជាមួយក្រុមការងារ នៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ ដើម្បីផ្ដល់វត្ថុសំណាកដល់ក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ដើម្បីរកមេរោគកូវីដ១៩ តាមការកំណត់។

ចំពោះបុគ្គលិក កម្មករ និយោជិតទាំងអស់របស់រោងចក្រត្រូវផ្អាកការចេញចូលរោងចក្រ ហើយនៅក្រោយពេលផ្ដល់វត្ថុសំណាករួចរាល់ ត្រូវសម្រាកនៅផ្ទះរង់ចាំរហុតដល់ការធ្វើវិភាគលើវត្ថុសំណាករបស់កម្មករនៅក្នុងរោងចក្រដែលមានការពាក់ព័ន្ធគ្រប់ៗគ្នា និងមានលទ្ធផលជាផ្លូវការ ទើបអាចបន្ដការងារជារថ្មីតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៕