(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការបន្តចេញរបាយការណ៍ដដែលៗគ្មានមូលដ្ឋានបែបនេះរបស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) វានឹងធ្វើឱ្យសាធារណមតិកាន់តែមានមន្ទិលសង្ស័យថែមទៀត អំពីវិជ្ជាជីវៈ ឯករាជ្យភាព និងអព្យាក្រឹត្យភាពនយោបាយ របស់ក្រុមអង្គការសង្គមស៊ីវីលទាំងអស់នេះ ទៅវិញទេ។

ការលើកឡើងបែបនេះ របស់មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងនៅក្រោយពីអង្គការសង្គមស៊ីវិលចំនួន៣ រួមមាន សមាគមការពារសិទ្ធិមនុស្សអាដហុក, មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព បានចេញរបាយការណ៍ឆ្នាំទី៥របស់ខ្លួន អះអាងថា ពួកខ្លួនបានរកឃើញថារដ្ឋាភិបាល បានប្រើប្រាស់ច្បាប់ដើម្បីកាត់បន្ថយលំហសិទ្ធិ និងរឹតត្បិតការអនុវត្តសេរីភាពជាមូល ដ្ឋានរបស់ប្រជាពលរដ្ឋ។

ឆ្លេីយតបនឹងការចោទប្រកាន់នេះ លោក ជិន ម៉ាលីន បានលើកឡើង៣ចំណុច អំពីរបាយការណ៍ស្តីពីសេរីភាពជាមូលដ្ឋានរបស់ CCHR រួមមាន៖

ទី១៖ «ការចេញរបាយការណ៍នេះ គឺជារឿងដដែលៗ គ្មានអ្វីថ្មីនោះទេ ដែលក្រុមនិងបក្សពួកគេតែងតែចម្លងនិងចែកចាយតគ្នាពីមួយទៅមួយដោយគ្មានមូលដ្ឋាន ហើយទោះបីជាចេញ១០ឆ្នាំទៅមុខទៀត ក៏នៅតែដដែលដែរ។ វាជាការឥតប្រយោជន៍ និងខ្ជះខ្ជាយលុយ ដែលម្ចាស់ជំនួយផ្តល់លុយយ៉ាងច្រើនជួលអ្នកជំនាញការសរសេររបាយការណ៍បែបនេះ តែទោះជាយ៉ាងណាក៏ដោយ វាជាអ្វីដែលម្ចាស់ជំនួយចង់បានទៅតាមរបៀបវារៈនយោបាយរបស់គេ ហើយអ្នកធ្វើរបាយការណ៍ក៏ធ្វើដើម្បីផ្គាប់ចិត្តម្ចាស់ជំនួយផងដែរ។

ក៏ប៉ុន្តែ ការដែលពួកគេនៅតែបន្តចេញរបាយការណ៍ដដែលៗគ្មានមូលដ្ឋានបែបនេះ វានឹងធ្វើឱ្យសាធារណមតិកាន់តែមានមន្ទិលសង្ស័យថែមទៀត អំពីវិជ្ជាជីវៈ ឯករាជ្យភាព និងអព្យាក្រឹត្យភាពនយោបាយ របស់ក្រុមអង្គការសង្គមស៊ីវីលទាំងអស់នេះ ទៅវិញទេ។

ទី២៖ របាយការណ៍នេះ មើលតែមួយជ្រុង នៃការអនុវត្តវិធានការច្បាប់របស់សមត្ថកិច្ចទៅលើបុគ្គលនិងសកម្មជននយោបាយដែលប្រព្រឹត្តល្មើសច្បាប់តែប៉ុណ្ណោះ ពោលគឺឱ្យតែសមត្ថកិច្ចអនុវត្តច្បាប់ទៅលើបុគ្គល និងក្រុមគោលដៅទាំងអស់នេះ ពួកគេចាត់ទុកថា អាហ្នឹង គឺជាការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។

និងទី៣៖ របាយការណ៍នេះ ខកខានពុំបានពិនិត្យមើលលើទិដ្ឋភាពមួយជ្រុងទៀតដែលពាក់ព័ន្ធនឹងនីតិវិធីច្បាប់របស់កម្ពុជានោះទេ ជាពិសេសអង្គហេតុ និងអង្គច្បាប់ដែលនាំឱ្យមានបទល្មើស និងការចោទប្រកាន់តាមផ្លូវតុលាការលើបុគ្គល និងសកម្មជនទាំងនោះក្នុងសំណុំរឿងនីមួយៗ។ ចំណែកឯរបាយការណ៍ ឯកសារផ្លូវការ ការពន្យល់ បកស្រាយ និងឆ្លើយតបបំភ្លឺ របស់រដ្ឋាភិបាលវិញ នាពេលកន្លងមក មិនត្រូវបានគេយកមកពិចារណាបន្តិចណាសោះឡើយ។ ការចេញរបាយការណ៍បែបនេះ គឺមិនគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈជាវិទ្យាសាស្រ្តនោះទេ៕