(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានលើកឡើងថា បើបុគ្គលម្នាក់ៗ មិនបានអនុវត្តវិធានការ ៣ការពារ និង ៣កុំ ត្រឹមត្រូវទេនោះ ការចម្លងជំងឺកូវីដ១៩ នៅតែមាន។

លោកស្រីបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះ៖ «សូមកុំភ្លេចថា បើបុគ្គលម្នាក់ៗ មិនបានអនុវត្តវិធានការ ៣ការពារ និង ៣កុំ ត្រឹមត្រូវទេនោះ ការចម្លងនៅតែមាន ហើយខ្សែចម្លងរិតតែអូសបន្លាយឆ្ងាយទៅៗ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពយើងហើយ។ នៅឥណ្ឌា យើងឃើញស្រាប់ហើយៗ យើងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនោះដែរ មែនទេ? បើមែន ត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកពេលនេះឱ្យបាន ហើយគ្មានអ្វីដែលអាចការពារខ្លួនយើងបានក្រៅតែពី ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំង + នៅផ្ទះ (ប្រសិនបើមិនមានការចាំបាច់ទេនោះ ព្យាយាមកុំចេញក្រៅផ្ទះ)»

លោកស្រី ឱ វណ្ណឌីន បានសំណូមពរប្រជាពលរដ្ឋ ជួយអប់រំគ្នាឱ្យបានច្រើនបំផុតដែលអាចធ្វើទៅបាន ហើយលោកស្រីសង្ឃឹមថា យើងនៅមានពេលដែលអាចទាញសភាពឆ្លងរាតត្បាតឱ្យថយចុះវិញ ដោយទាំងអស់គ្នាត្រូវចូលរួមអនុវត្តវិធានការខាងលើឱ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៣,៤០២នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១២,៨៥០នាក់, អ្នកជាសះស្បើយចំនួន ៥,១៥២នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៨,១៥០នាក់, អ្នកស្លាប់ចំនួន ៩៣នាក់ និងអ្នកជំងឺកូវីដ១៩ ស្លាប់ដោយជំងឺផ្សេងមានចំនួន ៧នាក់៕