(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការស្លាប់របស់បុរសជនជាតិចិនម្នាក់ ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា បុរសជនជាតិចិន អាយុ៤១ឆ្នាំ រស់នៅ ANDA Hotel ខណ្ឌពោធិ៍សែនជ័យ បានចូលមកសម្រាកពេទ្យនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦៖៥៥នាទី ជាមួយលទ្ធផលវិជ្ជមានកូវីដ១៩ ហើយមានអាការៈក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ពេលមកដល់មន្ទីរពេទ្យ ដោយការវិវត្តិជំងឺមានស្ថានភាពធ្ងន់ធ្ងរឡើងៗ និងហត់ដង្ហក់ខ្លាំង តម្រូវឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៉ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៨ ខេមេសា ឆ្នាំ២០២១ វេលាម៉ោង០៥៖០៨នាទីព្រឹក។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិចិនអាយុ៤១ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅកម្ពុជា កើតឡើងរហូដល់៩៣នាក់៕

*** សូមតាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News ពាក់ព័ន្ធដំណឹងភ្លាមៗពីស្ថានភាព Lockdown រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល!
App: http://onelink.to/freshnews
Join US: https://t.me/freshnewsasia