(ក្រចេះ)៖ អាជ្ញាធរ សហការជាមួយមន្រ្តីសុខាភិបាល ដឹកនាំដោយលោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចុះបិទហាងគោដុតមួយកន្លែងឈ្មោះ ប៉ោ លាង គោដុតតបណ្ដោះអាសន្ន ដែលមានទីតាំងនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ដោយអ្នកមកហូបគោដុតនៅហាងនេះ ត្រូវធ្វើតេសរកឃើញវិជ្ជមានកូវីដ១៩។

លោក ធីម ស៊ាងឡេង បានបញ្ជាក់ឲ្យដឹងថា ការចុះបិទហាងនេះបណ្ដោះអាសន្ន ដោយមូលហេតុនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ មានឈ្មោះ តាំង វេងម៉េង ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំភូមិប៉ើស២ ឃុំប៉ើស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានមកហូបចុកនៅហាងប៉ោលាងគោដុតនេះ ហើយនៅថ្ងៃទី៣០ ខែមេសានេះ បុរសរូបនោះ ត្រូវធ្វើតេសឃើញវិជ្ជមានកូវីដ១៩ នៅខេត្តត្បូងឃ្មុំ។

ករណីនេះជំនាញសុខាភិបាលបានដាក់ខ្សែហ៊ុព័ទ្ធមិនឲ្យមនុស្សចេញចូលដាក់កម្លាំងយាមច្បាស់លាស់ ហើយបាននាំអ្នកពាក់ព័ន្ធចំនួន៤នាក់ ស្រី២នាក់ មកយកសំណាកធ្វើការពិនិត្យនៅមន្ទីរពេទ្យបង្អែកឆ្លូង។ បច្ចុប្បន្នអ្នកទាំង៤នាក់ កំពុងធ្វើចត្ដាឡីស័កនៅមន្ទីរពេទ្យបង្អែកឆ្លូង ដោយអនុវត្ដតាមវិធានការរបស់ក្រសួងសុខាភិបាល៕