(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានចុះសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពកងកម្លាំងចម្រុះប្រចាំការនៅទីតាំងបិទខ្ទប់ ក្នុងភូមិសាស្ត្រស្រុកស្ទោង ជាបណ្ដោះមអាសន្ន ដែលបានរកឃើញ មានហានិភ័យខ្ពស់ នៃការចម្លង និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលសហគមន៍ តាមចំណុចគោលដៅនានានៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីហាមឃាត់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ មិនឲ្យមានការចេញ-ចូល រហូតដល់មានការជូនដំណឹងនៅពេលក្រោយ និងត្រួតពិនិត្យមើលទីតាំងជាច្រើនកន្លែង ដើម្បីត្រៀមសម្រាប់ទុកដាក់អ្នកសង្ស័យឆ្លងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

លោក សុខ លូ បានក្រើនរំឭកដល់កងកម្លាំងចម្រុះទាំងអស់ ក្នុងអំឡុងពេលបិទខ្ទប់ប្រជាពលរដ្ឋ គ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋានលើកលែងតែក្នុងករណីចាំបាច់ហើយ ការបិទខ្ទប់ភូមិក្នុងទីរួមស្រុកស្ទោង នៅពេលនេះ គឺជាវិធានការមួយក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ។

លោក សុខ លូ បាន បានដាស់តឿនដល់កងកម្លាំងទាំងអស់ ត្រូវសាមគ្គីឱ្យបានល្អជាមួយកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន អាជ្ញាធរដែនដី ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងដែលបំពេញតួនាទី ភារកិច្ចរបស់ខ្លួន, លោកអភិបាលខេត្ត បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ការពារកូវីដ១៩ មួយចំនួនផងដែរ។

លោក ណែត សារី អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់សម្ភារដល់រដ្ឋបាលស្រុក ដើម្បីយកមកប្រើប្រាស់បម្រើប្រជាពលរដ្ឋ ដែលប្រជាជនមានទុក្ខលំបាក។ លោកបានបញ្ជាក់ថា ស្រុកស្ទោង ចាប់ពីថ្ងៃទី២៨ មកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានរកឃើញឆ្លងចំនួន១៥នាក់ (ស្រី៣នាក់) ក្នុងចំណោមប្រជាពលរដ្ឋយកសំណាកមកធ្វើតេស្តសរុប ៤៦០នាក់ ក្នុងនោះអាជ្ញាធរបានត្រៀមមណ្ឌលសម្រាប់ ធ្វើចត្តាឡីស័កមានពីរកន្លែងផងដែរ៕