(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាល ស្រុកសំរោងទង បានបញ្ជូនមនុស្ស៨នាក់ ដែលត្រូវបានឃាត់ខ្លួន ពេលកំពុងប្រមូលផ្តុំលេងល្បែង ទៅធ្វើតេស្តរកកូវីដ១៩ មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

ករណីនេះត្រូវបាននគរបាលស្រុកសំរោងងទង បង្ក្រានៅក្នុងចំការស្វាយខាងលិចភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលម្ចាស់ចំការឈ្មោះ ចឹក ទ្រី អាយុ៥៥ឆ្នាំ រស់នៅភ្នំពេញ សព្វថ្ងៃជួលឲ្យឈ្មោះ នៅ ណាឃីន អាយុ២៥ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង។

មនុស្សដែលត្រូវបញ្ជូនទៅយកសំណាកពិនិត្យរកមេរោគកូវីដ១៩ រួមមាន៖

*ទី១៖ ឈ្មោះ ង៉ែត សំណាង អាយុ៣៧ឆ្នាំ នៅភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត
*ទី២៖ ឈ្មោះ ប៉ុម សារុន អាយុ២៥ឆ្នាំ នៅភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
*ទី៣៖ ឈ្មោះ ស៊ឹម ថុង អាយុ៤១ឆ្នាំ នៅភូមិព្រៃដងទឹក ឃុំទឹកល្អក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
*ទី៤៖ ឈ្មោះ សៀម ប៉េង អាយុ៤០ឆ្នាំ នៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
*ទី៥៖ ឈ្មោះ ណេន នី អាយុ៤២ឆ្នាំ នៅភូមិគោកស្រប់ ឃុំគោកស្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
*ទី៦៖ ឈ្មោះ អ៊ុយ សុផាត អាយុ៦៣ឆ្នាំ នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
*ទី៧៖ ឈ្មោះ ម៉ឺ វឺន ភេទស្រី អាយុ៤២ឆ្នាំ ភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
*ទី៨៖ ឈ្មោះ យ៉ន តាំង ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានបង្ក្រាប និងដកហូតវត្ថុតាងរួមមាន៖

*មេអាប៉ោង៧ ចានអាប៉ោង១ គំរបអាប៉ោង១ (តេឡេបញ្ជា១មិនឲ្យចាក់ត្រូវ) កំរាលអាប៉ោង១ ប៊ិច ៧ដើម សៀវ ភៅកត់បុង ៧ក្បាល តង់ប្រក់១ កៅអីជ័រ ៥ ប្រាក់រៀលចំនួន ២,២០០,០០០៛ ទូរស័ព្ទ៣គ្រឿង។
*ម៉ូតូ៤គ្រឿង
*រថយន្តចំនួន២គ្រឿង។

ចំពោះលទ្ធផលយកសំណាកលើកទី១ ក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ស្ពឺ បានមកធ្វើតេស្តយកសំណាកអ្នក៨នាក់ ហើយទទួលបានលទ្ធផលអវិជ្ជមាន។ ចំពោះករណីនេះ ជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំ រឿងចាត់ការតាមនីតិវិធី៕