(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ មានសន្ទុះខ្លាំង ក្រោយពីមានអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការលើកឡើងបែបនេះ របស់អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើទ្បើងក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ។

កន្លងមក សម្តេចតេជោ បានក្រើនរំលឹក និងព្រមានដល់ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដែលគេចវេសមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ថា អាចនឹងត្រូវបាត់បង់ការងារ ដោយមិនអាចឱ្យចូលទៅកាន់ក្រសួង ស្ថាប័នដែលខ្លួនបំពេញការងារនោះឡើយ។

បើតាម លោកស្រី ឱ វណ្ណឌីន, ដោយគិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១,០៣៤,៨៩០ ក្នុងនោះ មានស្រ្តីចំនួន ៤៥៦,០៩៨នាក់ ។ ដោយទ្បែករយៈពេលដូចគ្នានេះ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងឮសរុបចំនួន ២៩៤,៥៤៣នាក់ ដែលធ្វើឱ្យចំនួនសរុបអ្នកចាត់វ៉ាក់សាំងនៅទូទាំងប្រទេសកម្ពុជាមាន១,៣២៩,៤៣៣នាក់៕