(ព្រះសីហនុ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានចាត់លោក កៅ អ៉ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងារចុះជួយតំបន់ខ្មែរឥស្លាម ខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានយកអំណោយគ្រឿងឧបភោគបរិភោគ ចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតជាក់ស្តែង ១៧ភូមិ នៅក្នុងខេត្តព្រះសីហនុ ចំនួន៤២៥គ្រួសារ។

ក្នុងឱកាសនោះ លោក កៅ អ៉ីមរ៉ន បានចែកជូនអ្នកខ្វះខាត ៣០០គ្រួសា ដែលបានប្រគល់ជូនជានិម្មិត្តរូប៥០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម ស្ករស២គីឡូក្រាម, ទឹកដោះគោខាប់៥កំប៉ុង និងប្រេងឆា២លីត្រ ជាអំណោយពីអង្គការពិភពឥស្លាម RABITA។

ចំណែក ចំនួន១២៥ គ្រូសារថែមទៀត ទទួលអំណោយរបស់ ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ តាមរយៈលោក សេន ណាស៊ី ប្រធានក្រុមការងារចុះជួយតំបន់ខ្មែរឥស្លាមខេត្តព្រះសីហនុ និងគណៈអ៊ីម៉ាំខេត្តព្រះសីហនុ ក្នុងមួយគ្រួសារៗទទួលបាន មី១កេស, អង្ករ១០គីឡូក្រាម, ត្រីខ១យួរ, ប្រេងឆា១ដប និងទឹកត្រី១ដប។

ថ្លែងក្នុងឱកាសនោះ លោក កៅ អ៉ីមរ៉ន បានបញ្ជាក់ថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការបញ្ចប់នូវព្រឹត្តិការណ៍ ២០កុម្ភៈនេះបាន គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះ វិលមករកស្ថានភាពធម្មតាវិញ ដោយបានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ ដើម្បីយើងសម្រេចបាននូវការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ដោយជោគជ័យ។

គូរបញ្ជាក់ថា នាឆ្នាំ២០២១នេះ អង្គការសម្ព័ន្ធពិភពឥស្លាម បានផ្តល់កញ្ចប់អាហារស្រាយបួសដល់សាសនិកឥស្លាមកម្ពុជា សរុបចំនួន ២,១៣០កញ្ចប់ ដែលបាននិងកំពុងធ្វើការចែកជូនដល់សាសនិកឥស្លាមជាបន្តបន្ទាប់ តាមបណ្តាខេត្តដែលតម្រូវការចាំបាច់ជាក់ស្តែង៕