(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ បានកោតសរសើរចំពោះអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ព្រមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានត្រៀមរៀបចំរួចរាល់ទាំងធនធានមនុស្សឧបករណ៍ សម្ភារៈ មធ្យោបាយគ្រប់ប្រភេទសម្រាប់បម្រើឱ្យយុទ្ធនាការជាតិចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម តាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញប្រកាសបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ តាមឆន្ទៈប្តេជ្ញាចិត្តដ៏មុតមាំរបស់សម្តេចតេជោ ហ៊ុន សែន តាមគោលការណ៍យើងយកវ៉ាក់សាំងមកស្រោចតែម្តងនៅក្នុងតំបន់ក្រហម ដែលកំពុងឆ្លងរាលដាលជំងឺកូវីដ-១៩ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ជាង៤៥ម៉ឺននាក់ ស្ថិតនៅក្នុងតំបន់ក្រហម។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏សូមថ្លែងអំណរគុណចំពោះប្រធានស្ថាប័ន មេបញ្ជាការគ្រប់កងឯកភាព ក្នុងកងយោធពលខេមរភូមិន្ទមន្ត្រីក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋានរាជធានី ខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានសហការយ៉ាងជិតស្និទ្ធ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងទាំងកិច្ចការរដ្ឋបាល ទីតាំងចាក់វ៉ាក់សាំង ធ្វើឱ្យក្រុមគ្រូពេទ្យនៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ចូលរួមអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រេចភារកិច្ចជាប្រវត្តិសាស្រ្តរបស់ខ្លួន។

នាឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការចូលរួមអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលនាពេលនេះ បានបង្ហាញថា កងទ័ពមិនត្រឹមតែជាកម្លាំងស្នូលការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិសុខ និងសុវត្ថិភាពប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែកងទ័ព មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមកិច្ចការមនុស្សធម៌ តាមរយៈការបញ្ជូនកម្លាំងចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ ជួយសង្គ្រោះគ្រោះមហន្តរាយនានា ពិសេសការចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកងទ័ព និងគ្រួសារ ប្រជាពលរដ្ឋ ព្រមទាំងមុខសញ្ញាផ្សេងៗទៀត តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល សម្រេចជោគជ័យគួរកត់សម្គាល់។

ឆ្លៀតក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រូពេទ្យ និងក្រុមការងារទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ចូលរួមបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ នៅគ្រប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល សម្រេចជោគជ័យតាមផែនការគ្រោងទុក»

សូមជម្រាបថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ មាននាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ជាប្រធានអនុគណៈកម្មការ ដែលជានិច្ចកាលបានខិតខំប្រឹងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំងគ្រួសារកងទ័ព ប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។

សូមបញ្ជាក់ រហូតមកថ្ងៃទី២៩ ខែមេសា ម្សិលមិញ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងកម្លាំងបានចំនួនសរុប ២៩៤,៥៤៣នាក់ ខណៈចាក់លើកទី២ បានចំនួន ២៤៥,៥៦១នាក់៕