(ភ្នំពេញ)៖ បឹងសាឡាង ជាសង្កាត់មួយរបស់ខណ្ឌទួលគោក ហើយសង្កាត់នេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញកំណត់ថា ជាតំបន់ក្រហម ដោយកើតជំងឺកូវីដ១៩ជាបន្តបន្ទាប់។ ដើម្បីជួយសម្រួលដល់ការលំបាកពលរដ្ឋនៅតំបន់នេះ សប្បុរសជននៅ សហរដ្ឋអាមេរិក បានផ្តល់អំណោយជូនជាច្រើនរយគ្រួសារ ដែលមានទាំងស្បៀងអាហារ និងថវិកាផងដែរ ក្នុងការដោះស្រាយជីវភាពរបស់ពួកគាត់ ខណៈតំបន់នេះត្រូវបានបិទខ្ទប់ទាំងស្រុង។

ការផ្តល់អំណោយជូននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ នៅលើផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រោមវត្តមានលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងលោក យន្ត សួន តំណាងម្ចាស់អំណោយ នៅសហរដ្ឋអាមេរិក និងលោកស្រី អ៊ូ សៀថុង។

លោក យន្ត សួន តំណាងម្ចាស់អំណោយបានបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋក្នុងតំបន់ក្រហមបឹងសាឡាងនេះ កើតចេញពីគំនិតផ្តួចផ្តើមកៀងគរថវិកាពីឧបាសក ឆាយ អ៊ីវ ស៊ាង និងឧបាសិកា ហុង គឹមសែ នៅសហរដ្ឋអាមេរិក ដោយបានបញ្ជូនថវិកានេះមកឲ្យលោកជាអ្នកចាត់ចែងជូនពលរដ្ឋចំនួន៣០០គ្រួសារ នៅភូមិ១៤ ចំនួន២០០គ្រួសារ និងភូមិ១៦ ចំនួន១០០គ្រួសារ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយក្នុង១គ្រួសារទទួលបាន អង្ករ ១បាវស្មើ ២៥គីឡូ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកា១០ដុល្លារផងដែរ។

លោក ឯក ឃុនដឿន ក្នុងឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧបាសក ឆាយ អ៊ីវ ស៊ាង និងឧបាសិកា ហុង គឹមសែ តាមរយៈលោក យន្ត សួន តំណាងម្ចាស់អំណោយនៅសហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភជាស្បៀងអាហារ និងថវិកាទាំងនេះ ដើម្បីដោះស្រាយការលំបាកផ្នែកជីវភាពប្រជាពលរដ្ឋនៅតំបន់ក្រហមនៃសង្កាត់បឹងសាឡាងនេះ។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន បានលើកឡើងដែរថា សង្កាត់បឹងសាឡាង ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ កំណត់ថា ជាតំបន់ក្រហមដោយជម្ងឺកូវីដ១៩ ហើយគិតមកដល់ពេលនេះ ក្នុងសង្កាត់មួយនេះមានអ្នកស្លាប់ដោយជម្ងឺកូវីដ១៩ចំនួន៥នាក់ហើយ។ ចំណែកអ្នកមានវិជ្ជមានកូវីដ១៩វិញ បានកើនឡើងរហូតដល់៣០០នាក់ហើយដែរ។ ដូច្នេះទេសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោហ៊ុនសែន គឺ «៣កុំ និង៣ការពារ»។ ពិសេសកុំចាកចេញពីផ្ទះ យើងត្រូវតែយកឈ្នះកូវីដ១៩ឲ្យបាន៕