(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦នេះ លោក ប្រឹម ហៀង ម្ចាស់ភោជនីយដ្ឋាន ហេង មែន សាច់អាំង និងក្រុមគ្រួសារ បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ១,០០០ដុល្លារអាមេរិក ប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាការរួមចំណែក ជួយដល់សង្គម និងកុមារកម្ពុជា ដែលកំពុងជួបបញ្ហាជីវភាពខ្វះខាត សម្រាប់ព្យាបាលជំងឺ តាមរយៈមន្ទីរពេទ្យ​សប្បុរសធម៌មួយនេះ ។

លោក ប្រឹម ហៀង បានមានប្រសាសន៍ឲ្យដឹងថា នេះជាលើកទី១ហើយ ដែលលោក និងក្រុមគ្រួសារភោជនីយដ្ឋាន ហេង មែន សាច់អាំង នាំយកថវិកាមកបរិច្ចាគ ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលបំណង ចូលរួមការងារសប្បុរសធម៌ក្នុងសង្គម ដើម្បីជាការរួមចំណែក លើកកម្ពស់សុខភាព និងសុវត្ថិភាពជូនកុមារតូចៗ ដែលកំពុងសម្រាកព្យាបាល ក្នុងមន្ទីពេទ្យ គន្ធបុប្ផានេះ ។

លោកបន្ដថា «ថ្វីត្បិតថវិកា ដែលខ្ញុំបរិច្ចាគនេះ មិនអាចបំពេញតម្រូវការ របស់មន្ទីរពេទ្យមែន ប៉ុន្ដែវាជាទឹកចិត្តដ៏បរិសុទ្ធ ដែលខ្ញុំ និងគ្រួសារមានឆន្ទៈជួយសង្គម ហើយខ្ញុំនឹងបន្ដការងារនេះ ជាបន្តបន្ទាប់បន្ថែមទៀត ដើម្បីធ្វើឲ្យគ្រួសារក្រីក្រទទួលបានសេវា ព្យាបាល ពីមុន្ទីរពេទ្យគន្ធបុប្ឋា» ។

លើសពីនេះ លោក ប្រឹម ហៀង ក៏បានអំពាវនាវដល់គ្រួសារ ដែលមានជីវភាពធូរធា​ ឬគ្រួសារមានទ្រព្យសម្បត្តិច្រើន ចូលរួមផ្សាភ្ជាប់ជាមួយនឹងសង្គមនេះផងដែរ ទោះបីតិចក្ដីច្រើនក្ដី លោកយល់ថា ជាទឹកចិត្ត ដែលយើងត្រូវជួយគ្នា ពិសេសប្រជាពលរដ្ឋក្រីក្រ និងកុមារតូចៗ ដែលកំពុងទន្ទឹងរង់ចាំ នៅមន្ទីរពេទ្យគន្ធបុប្ឋា ។

គួរបញ្ជាក់ដែរថា ការបរិច្ចាគថវិកា ១,០០០ដុល្លាររបស់លោក ប្រឹម ហៀង គឺបានធ្វើឡើងស្របពេលភោជនីយដ្ឋាន ហេង មែន សាច់អាំង ដំណើរការដោយជោគជ័យ ដែលបច្ចុប្បន្ន បានពង្រីកសាខាចំនួន៤ក្នុងរាជធានីភ្នំពេញ ដូចជា៖ សាខាទី១ ផ្លូវ ១៦០ ផ្ទះលេខ ៩៤សង្កាត់ ទឹកល្អក់ ខណ្ឌ ទួលគោក, សាខាទី២ ផ្លូវ ៤៥៦ ផ្ទះលេខ ១៥-១៦ សង្កាត់ទួលទំពូង១ ខណ្ឌ ចំការមន, សាខាទី៣ផ្លូវ ១៦០ ផ្ទះលេខ២៥៣ សង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក និងសាខាទី៤ ផ្លូវ ១៣៨ ផ្ទះលេខ ១២A ភូមិប្រាំ សង្កាត់ វាលវង់ ខណ្ឌ ៧មករា ៕