(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទីតាំងផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ស្ថិតនៅក្នុងស្រុកកងមាស និងត្រួតពិនិត្យមើលទីតាំងសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ក្នុងក្របខណ្ឌស្រុកកងមាស ជាច្រើនកន្លែង។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ដូចខាងក្រោម៖

* ទី១៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរមូលឃុំ និងអ្នកពាក់ព័ន្ធត្រូវបន្តគ្រប់គ្រងអ្នកប៉ះពាល់នឹងករណីនេះ ដោយអ្នកដែលបានប៉ះពាល់ ដោយផ្ទាល់ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុក និងអ្នកប៉ះពាល់ដោយប្រយោល ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។

* ទី២៖ បន្តពង្រឹង និងគ្រប់គ្រងភូមិសាស្ត្រដែលរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ សំដៅធ្វើយ៉ាងណាទប់ស្កាត់ការចេញ-ចូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល ឬបើករបរអាជីរកម្មគ្រប់ប្រភេទ នៅក្នុងភូមិដែលត្រូវបិទខ្ទប់។

* ទី៣៖ រៀបចំខ្សែសុវត្ថិភាពព័ទ្ធភូមិដែលបិទខ្ទប់ រួមនឹងដាក់បំរាម ចេញ-ចូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល និងបន្តផ្សព្វផ្សាយ សារអប់រំ ឲ្យបានជាប់ជាប្រចាំ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសនៅភូមិសាស្ត្រតបិទខ្ទប់ភូមិ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តវិធានការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

* ទី៤៖ រដ្ឋបាលស្រុក ត្រូវបន្តរៀបចំ និងពង្រីកបន្ថែមមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកបន្ថែមពីអ្វីដែលបានរៀបចំកន្លងមក ដើម្បីត្រៀមលក្ខណៈក្នុងករណីផ្ទុះរីករាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន។

អភិបាលស្រុកកងមាស លោក ភោគ សាវុធ បានឲ្យដឹងថា បន្ទាប់ពីរដ្ឋបាលខេត្ត រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣៩នាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយអភិបាលរងខេត្ត មន្ទីរជំនាញ និងកងកម្លាំងប្រដាប់អាវុត បានអញ្ជើញចុះពិនិត្យភូមិសាស្ត្រ តំបន់បិទខ្ទប់ នៅឃុំរកាអារ, ឃុំកងតាណឹង, ឃុំស្តៅ និងឃុំព្រែកកុយ ព្រមទាំងចូលពិនិត្យមើល មណ្ឌលចត្តាឡីស័កកំរិតទី២ ឃុំកងតាណឹង និងចូលពិនិត្យមើលសាលាវិទ្យាល័យខ្ចៅ និងសាលាវិទ្យាល័យពាមជីកងផងដែរ ដែលត្រូវត្រៀមរៀបចំធ្វើជាមណ្ឌលចត្តាឡីស័កកម្រិត២ ក្នុងពេលចាំបាច់។ បន្ទាប់មក ក្រុមការងារ បានចុះពិនិត្យមើលមណ្ឌលចត្តាឡីស័កពាមជីកងកម្រិត២ ដែលកំពុងតែដំណើរការទទួលប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម ទើបបានប្រកាសពីការរកឃើញមនុស្សចំនួន៣៩នាក់ថ្មីបន្ថែមទៀត កើតជំងឺកូវីដ១៩ នៅស្រុកបាធាយ, ស្រុកកងមាស និងស្រុកស្រីសន្ធរ ដែលសុទ្ធតែចេញពីចង្កោមរោងចក្រ Six Plus និងរោងចក្រ 7NG។

ជាមួយគ្នានោះ រដ្ឋបាលខេត្ត បានដាក់ចេញវិធានការបន្ទាន់ សម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ នៅទីតាំងភូមិ ឃុំមួយចំនួន ដែលពាក់ព័ន្ធករណីវិជ្ជមានជំងឺកូវីដ១៩ ខាងលើ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ទៅសហគមន៍ផ្សេងទៀត៕