(ភ្នំពេញ)៖ លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ ក្នុងនាមតំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណចំពោះលោក សោម ពុធ និងភរិយា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចែករំលែកដល់បងប្អូនដែលរងផលប៉ះពាល់ផ្នែកជីវភាព ក្នុងពេលជួបនឹងគ្រោះចង្រៃដោយសារកូវីដ-១៩ នាពេលនេះ។

ការថ្លែងអំណរគុណនេះ បានធ្វើឡើងបន្ទាប់ពីបានទទួលការណែនាំពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្តីពីការសុំសម្របសម្រួលជាមួយម្ចាស់ដីជួល ដើម្បីបន្ធូរបន្ថយថ្លៃឈ្នួលដីជូនគ្រួសារក្រីក្រចំនួន ៨គ្រួសារ ដែលកំពុងរស់នៅក្នុងខ្ទមប្រកប របរតម្បាញក្រមា នៅលើដីកម្មសិទ្ធលោក សោម ពុធ អាយុ៤៨ឆ្នាំ និងភរិយាឈ្មោះ ហូ សោភា អាយុ ៤៥ឆ្នាំ គ្រាដែលអាជីវកម្មតម្បាញរបស់បងប្អូនជួលដីកំពុងរងផលប៉ះពាល់បាត់បង់ទីផ្សារ ក្នុងរយៈពេលជំងឺកូវីដ-១៩ និងក្នុងពេលអនុវត្តន៍ការបិទខ្ទប់ នៅក្នុងរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ នៃខេត្តកណ្តាល។

សូមបញ្ជាក់ថា ក្នុងខណៈពេលយុទ្ធនាការចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាជននៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល ដែលរងការប៉ះពាលផ្នែកជីវភាពប្រចាំថ្ងៃ ដោយសារឥទ្ធិពលកូវីដ-១៩ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរុញឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ សហការជាមួយជាមួយអជ្ញាធររាជធានីភ្នំពេញ ដើម្បីចុះចែកអំអំណោយជំនួយសង្គម ឲ្យបានដល់ដៃប្រជាជន និងទាន់ពេលពេលវេលា។

ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក ណុប ចាន់ណារិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កោះដាច់ បានសការជាមួយលោក ប៉ាត់ អែល ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាសង្កាត់ បានចុះចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ទាំងពេលកន្លងទៅ និងបច្ចុប្បន្ន មានចំនួនសរុប ៥១១ គ្រួសារ៕