(ភ្នំពេញ)៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់ The Application Programming Interface Exchange Platform (APIX) តាមរយៈប្រព័ន្ធអនឡាញ រវាងអង្គភាពបណ្ដាញនវានុវត្តហិរញ្ញវត្ថុអាស៊ាន (ASEAN Financial Innovation Network-AFIN) និងសមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT)។

សូមជម្រាបថា APIX គឺជាផ្លេតហ្វមសម្រាប់ផ្ដល់កិច្ចសហការ រវាងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការភ្ជាប់ទំនាក់ទំនង, ធ្វើតេស្តសាកល្បង និងស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយប្រើប្រាស់ផ្លេតហ្វម API ចំហ, ផ្លេតហ្វម Sandbox និងបច្ចេកវិទ្យា Cloud។

ការចុះអនុស្សរណៈយោគយល់ APIX នេះនឹងផ្តល់ឱកាស ដល់សហគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរីអាចចូលរួម ក្នុងថ្នាលឆ្លាតវៃរបស់ APIX ដើម្បីធ្វើតេស្តសាកល្បងជាមួយគ្នាលើបច្ចេកវិទ្យាថ្មីៗ តាមរយៈ Cloud មុនពេលដាក់ឱ្យប្រើប្រាស់នៅលើទីផ្សារ។

លោកស្រី ជា សិរី បានលើកឡើងអំពីការអភិវឌ្ឍនៃ បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដែលបានរួមចំណែក ក្នុងការអភិវឌ្ឍវិស័យធនាគារ តាមរយៈការដាក់ឱ្យប្រើប្រាស់សេវាធនាគារថ្មីៗ ប្រកបដោយនវានុវត្តតាមមធ្យោបាយឌីជីថល ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកស្រីបន្ដថា ទន្ទឹមនេះការចុះអនុស្សរណៈយោគយល់នេះ ក៏នឹងឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយ របស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ និងពង្រឹងបរិយាកាសទីផ្សារ ដើម្បីគាំទ្រដល់នវានុវត្តហិរញ្ញវត្ថុក្នុងតំបន់ផងដែរ៕