(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានរៀបចំពិធីចុះអនុស្សរណៈយោគយល់ (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការ ក្នុងការចែករំលែកព័ត៌មាន និងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍» ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ពិធីចុះអនុស្សរណៈយោគយល់នេះ រៀបចំឡើងក្រោមការចូលរួមពីលោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងលោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃស្ថាប័នទាំងពីរ។

ការចុះអនុស្សរណៈយោគយល់នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ លើផ្នែកពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យកាន់តែប្រសើរឡើង ដែលនឹងរួមចំណែក ក្នុងការជំរុញនវានុវត្តន៍ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងបរិយាបន្ន សំដៅរួមចំណែកគាំទ្រ ដល់ការអនុវត្តគោលនយោបាយ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាល។

លើសពីនេះអនុស្សរណៈយោគយល់នេះ ក៏ជាថ្នាលសម្រាប់ពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍របស់មន្ត្រីពាក់ព័ន្ធនៃស្ថាប័នទាំងពីរ ដើម្បីអនុវត្តការងារផ្សេងៗ ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន៕