(ស្វាយរៀង)៖ ក្រោមវិធានការបិទខ្ទប់សង្កាត់បាវិត ក្រុងបាវិត ដែលជាតំបន់ផ្ទុះរីកដាលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈខ្លាំង ក្រោមចំណាត់ការរបស់អាជ្ញាធរ បានធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង ត្រូវបានកាត់បន្ថយគួរឲ្យកត់សម្គាល់ ដោយរយៈពេល៣ថ្ងៃនេះ ពុំបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទៀតនោះទេ។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា សម្រាប់ខេត្តស្វាយរៀងប៉ុន្មានថ្ងៃនេះ ពុំមានករណីឆ្លងជំងឺកូវីដ១៩នោះទេ ដោយស្ថានភាពបាន ធូរស្រាល បន្តិចហើយ ដែលមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៣១៤នាក់ (ស្រី១២៦នាក់), អ្នកកំពុងព្យាបាលមានចំនួន១២២នាក់ (ស្រី៤៧នាក់) ក្នុងនោះអ្នកជាសះស្បើយមានចំនួន១៨៧នាក់ (ស្រី៧៩នាក់) និងអ្នកស្លាប់ចំនួន៤នាក់ (ស្រី១នាក់)។ សម្រាប់អ្នកធ្វើចត្តាឡីស័កនៅទូទាំងខេត្តសរុបមានចំនួន២៦៦៩នាក់ (ស្រី៩៧៣នាក់)។

លោកបានបន្ថែមថា បន្ទាប់ពីមានការណែនាំពីរាជរដ្ឋាភិបាល ឲ្យដកការបិទខ្ទប់រវាងខេត្តនិងខេត្ត រដ្ឋបាលខេត្តស្វាយរៀងដែលមានលោក ម៉ែន វិបុល ជាអភិបាលខេត្ត បានណែនាំឲ្យក្រុមការងារបញ្ឈប់ការដាក់បារ៉ាស់ ដើម្បីត្រួតពិនិត្យព្រំដែនខេត្តស្វាយរៀង និងព្រៃវែង ហើយបានអនុវត្តតាមសេចក្តីណែនាំលេខ០២វិញ ក្នុងការរៀបចំក្រុមការងារយកសំណាកនៅដើមទី និងយកសំណាកអ្នកដែលមកដល់មូលដ្ឋានតាមស្រុក ក្រុងនៃខេត្តស្វាយរៀង គឺសម្រាប់អ្នកមករយៈពេលខ្លីយកសំណាកធ្វើតេស្តរហ័ស ចំណែកអ្នកមករស់នៅរយៈពេលវែង ត្រូវឱ្យធ្វើចត្តាឡីស័កនឹងយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ មុននឹងឲ្យចូលបម្រើការងារនៅក្នុងខេត្ត។

លោកបានបន្តទៀតថា «ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង ត្រូវបន្តពង្រឹងអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលលេខ០២ គឺពង្រឹងចលនាតាមមូលដ្ឋានភូមិឃុំសង្កាត់ ដើម្បីពិនិត្យអ្នកដែលទើបតែចូលមករស់នៅក្នុងមូលដ្ឋានស្រុក ក្រុង ហើយខេត្តស្វាយរៀង គឺជាខេត្តតំបន់អនុវត្តកាតព្វកិច្ចពាក់ម៉ាស់ ដូច្នេះសមត្ថកិច្ចដែលពាក់ព័ន្ធគឺនៅតែបន្តអនុវត្តវិធានការនេះដដែល។ ហើយបើមានអ្នកណាម្នាក់ល្មើសនៅសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ត្រូវឃាត់ឱ្យធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃ និងយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ផងដែរ»

លោកបន្តថា ចំណែកវិធានការរបស់រដ្ឋបាលខេត្ត គឺនៅតែបិទខ្ទប់នៅក្រុងបាវិត និងហាមការជួបជុំនិងបិទខ្ទប់កាស៊ីណូចំនួន៤កាស៊ីណូ រួមមាន៖

*កាស៊ីណូម៉ុកបាយ ហ្គូដឡាក់ ពិភពថ្មី និងអ៊ីងធឺរៀល ដែលជាទីតាំងមានហានិភ័យខ្ពស់ ដើម្បីគ្រប់គ្រងស្ថានការណ៍ឲ្យប្រសើរឡើងវិញ ក្នុងទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងរៀបចំផែនទី ក្នុងការ ត្រួតពិនិត្យមើល និងដៅកន្លែងដែលមានពណ៌លឿងទុំ ពណ៌ក្រហមបន្ថែមទៀត ដើម្បីងាយស្រួលផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងនិងរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសអនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នូវវិធាន «៣ការពារ និង៣កុំ» បើមិនចាំបាច់កុំចេញក្រៅផ្ទះ៕