(កណ្តាល)៖ អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានសម្រេចចិត្តយកវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ត្រៀមសំរាប់ព្យាបាលអ្នកកើតកូវីដ១៩ និងណែនាំអាជ្ញាស្រុកពង្រឹងវិធានការឲ្យម៉ឺងម៉ាត់ ក្រោយរកឃើញកម្មការិនី២នាក់ឆ្លងកូវីដ១៩ ខណ:ដែលពួកគាត់ជាកម្មការិនីធ្វើការនៅរោងចក្រនៅស្រុកអង្គស្នួល។

ការសម្រេចរបស់លោកអភិបាលខេត្តបានធ្វើឡើងនៅ រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅគ្រាដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរស្រុកកណ្ដាលស្ទឹង ដើម្បីស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដែលជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យពួកគាត់ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។

ក្នុងកិច្ចប្រជុំនេះដែរ លោក គង់ សោភ័ណ្ឌ បានណែនាំដល់អាជ្ញាធរស្រុកកណ្ដាលស្ទឹង ត្រូវគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងត្រូវការស្បៀង អាហារជាចាំបាច់ ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន ជួយទំនុកបម្រុងនៅអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។

បើតាមលោក អ៊ួច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានប្រាប់ភ្នាក់ងារព័ត៍មាន Fresh News ថា ថ្ងៃនេះគេរកឃើញកម្មការនីធ្វើការនៅរោងចក្រឯស្រុកអង្គស្នួលចំនួន២នាក់ ឆ្លងកូវីដ១៩ និងបានបញ្ចូនទៅព្យាបាល នៅមន្ទីរពេទ្យ ជ័យជំនះរួចហើយ។ រីឯអ្នកពាក់ព័ន្ធទាំងផ្ទាល់និងប្រយោលមានចំនួន៥៦គ្រួសារ ស្មើរនឹងមនុស្ស២២៨នាក់ ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនិងយកសំណាកពីពួកគាត់ផងដែរ។

លោកអភិបាលស្រុកបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ពលរដ្ឋស្រុកកណ្ដាលស្ទឹងចំនួន៣១នាក់ហើយ ឆ្លងកូវីដ១៩ ក្នុងនោះមានមនុស្សចំនួន១៦នាក់ ត្រូវបានដាក់ឲ្យព្យាបាលនៅឯរាជធានីភ្នំពេញ ព្រោះពួកគាត់ជាអាជីវកររកស៊ី នៅភ្នំពេញ រីឯមនុស្ស១៥នាក់ផ្សេងទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ៕