(បាត់ដំបង)៖ ស្រ្តីមេម៉ាយ ចិញ្ចឹមកូន៣នាក់ គ្មានផ្ទះសំបែងរស់នៅអាស្រ័យជាមួយឪពុក ម្តាយក្មេកមានវ័យចាស់ជរា និងមានជីវភាពខ្វះខាត រស់នៅភូមិអ្នកតាទ្វា ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ទទួលបានផ្ទះថ្មីមួយខ្នង ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។

ផ្ទះដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោក អ៊ុយ រី អនុប្រធានកិត្តិយសសាខាកាកបាទក្រហម និងលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានប្រគល់ជូនគ្រួសារក្រីក្រ ឈ្មោះ ព្រួញ ស៊ុត អាយុ៤៥ឆ្នាំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុយ រី និងលោក ប៊ុត គឹមស៊ាន បាននាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងអបអរសាទរជាមួយគ្រួសារ លោកស្រី ព្រួញ ស៊ុត សូមគិតគូរពីសុខភាព ជីវភាពរស់នៅរបស់ប្រចាំថ្ងៃ ហើយត្រូវបន្តថែទាំកូនៗ ព្រមទាំងជំរុញ ឲ្យបានខិតខំសិក្សារៀនសូត្រ និងប្រឹងប្រែងប្រកបមុខរបរកស៊ីដើម្បីជីវភាពរស់នៅបន្តទៀត និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនវិធានការរបស់ក្រសួងសុខាភិបាល ទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ និងសូមថែទាំផ្ទះថ្មីនេះឲ្យបានល្អជាទ្រព្យសម្បត្តិតរៀងទៅ។

ជាមួយគ្នានេះ លោក អ៊ុក រី និងលោក ប៊ុត គឹមស៊ាន ក៏បានជម្រាបជូនពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ព្រមទាំងសូមឲ្យប្រជាពលរដ្ឋទាំងអស់បន្តចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩នេះ តាមរយៈការបន្តអនុវត្តវិធានការរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ។

សូមបញ្ជាក់ថា ផ្ទះខាងលើនេះមានទំហំ ៥ម៉ែត្រ គុណ៧ម៉ែត្រ ធ្វើអំពីដែក សរសរបេតុង ប្រក់ស័ង្កសី និងជញ្ជាំងស្មាតបត សាងសង់ដោយក្រុមការងារ នៃសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង។

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានផ្តល់ជូនអំណោយរួមមាន អង្ករ១០០គីឡូក្រាម, ទឹកសុទ្ធ១០កេស, ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា អាយឺត), សាប៊ូ ៨ដុំ, ម៉ាស់ ២ប្រអប់, ប៉ាវអ៊ី ១, ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ, ត្រីខ ២០កំប៉ុង សម្ភារផ្ទះបាយមួយចំនួន និងថវិកាចំនួន២០ម៉ឺនរៀល។ ក្នុងនោះ លោក អ៊ុយ រី បានឧបត្ថម្ភថវិកាបន្ថែមចំនួន៣០ម៉ឺនរៀល ជូនលោកយាយ លោកតា ត្រូវជាម្តាយក្មេកលោកស្រី ព្រួញ ស៊ុត ផងដែរ៕